តាមសេចក្តីប្រកាសរួមគ្នា របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក។
សេចក្តីប្រកាសបានបញ្ជាក់ថា ដោយយោងតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ខែការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក ទៅតាមប្រភេទមួយចំនួន។ ក្នុងនោះរួមមាន អណ្តាតនៃសត្វគោ ក្របីបង្កក ថ្លើមនៃសត្វគោក្របីបង្កក គ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វគោក្របីដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើម។ ថ្លើមនៃសត្វជ្រូកបង្កក ភាគបំណែកសាច់ និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន។ ថ្លើមនៃសត្វមាន់បង្កក សាច់និងគ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វមាន់ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ។ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែកនៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើលរួច។
ប្រកាសដដែលបានឱ្យដឹងបន្តថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើសម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕