សភានៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយកាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ដែលការអនុម័តច្បាប់ដ៏ចម្រូងចម្រាស់នេះនឹងបញ្ចប់រូបភាពនៃទម្លាប់ការជួញដូរ និងបរិភោគសាច់ឆ្កែ ស្របពេលដែលប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើសុខុមាលភាពនៃសត្វចិញ្ចឹម។
ការបរិភោគសាច់ឆ្កែ ត្រូវបានប្រជាជនកូរ៉េមួយចំនួនជាពិសេសប្រជាជនដែលមានវ័យចំណាស់យល់ថា វាគឺជាវិធីមួយដើម្បីបង្កើនភាពរឹងមាំនៅក្នុងរដូវរងារ និងអាកាសធាតុចុះត្រជាក់។ យ៉ាងណាមិញ ទម្លាប់នៃការបរិភោគសាច់សត្វឆ្កែនេះបានកាត់បន្ថយជាបន្តបន្ទាប់ ដោយសារប្រជាជន ជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមបានទុកសត្វឆ្កែគឺជាសត្វមួយប្រភេទដែលស្មោះត្រង់ និងស្ទើរតែជាសមាជិកគ្រួសារទៅហើយ ព្រមទាំងបានសំដែងនូវការរិះគន់យ៉ាងចាស់ដៃអំពីភាពព្រៃផ្សៃនៃការសម្លាប់សត្វឆ្កែដើម្បីបរិភោគ។
សកម្មជនអ្នកការពារសត្វបាននិយាយថា សត្វឆ្កែភាគច្រើនត្រូវបានឆក់ ឬព្យួរកនៅពេលសម្លាប់យកសាច់ ទោះបីជាអ្នកបង្កាត់ពូជ និងឈ្មួញបានប្រកែកថា នាពេលបច្ចុប្បន្នមានវិធីជាច្រើនដើម្បីសម្លាប់សត្វក្នុងរូបភាពសមរម្យ និងមិនឃោរឃៅដូចពីមុន។ ការគាំទ្រចំពោះការហាមប្រាមនេះបានកើនឡើងក្រោមអាណត្តិនៃលោកប្រធានាធិបតី Yoon Suk Yeol ដែលគេដឹងថាលោកគឺជាមនុស្សស្រលាញ់សត្វចិញ្ចឹម ដោយបច្ចុប្បន្នលោក និងភរិយាមានចិញ្ចឹមសត្វឆ្កែចំនួន ៦ក្បាល និងសត្វឆ្មាចំនួន ៨ក្បាល ហើយស្រ្តីទីមួយរបស់កូរ៉េខាងត្បូងគឺលោកស្រី Kim keon Hee ត្រូវបានគេដឹងថា ជាអ្នកដែលបង្ហាញការរិះគន់ខ្លាំងលើអ្នកបរិភោគសាច់ឆ្កែ។
សេចក្តីព្រាងច្បាប់មួយដែលស្នើឡើងដោយគណបក្សកាន់អំណាច និងដោយមានការគាំទ្រទ្វេភាគីដ៏កម្រ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងលើសលប់ចំនួន ២០៨សំឡេង ជាមួយនឹងសំឡេងអនុប្បវាទចំនួនពីរប៉ុណ្ណោះនៅក្នុងសភា។ សេចក្ដីព្រាងច្បាប់ខាងលើដែលចែងពីគោលបំណងរបស់ខ្លួនថាជា “ការលុបបំបាត់ការបរិភោគសត្វឆ្កែ” នឹងចូលជាធរមានបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ។ ការបង្កាត់ពូជ និងសម្លាប់សត្វឆ្កែ ដើម្បីយកសាច់សម្រាប់មនុស្សបរិភោគនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ៣០លានវ៉ុន (ប្រមាណជា ២២,៨០០ដុល្លារអាមេរិក) ។
ក្រសួងកសិកម្មកូរ៉េបានប៉ាន់ប្រមាណគិតត្រឹមខែមេសា ឆ្នាំ២០២២ ថា កសិដ្ឋានប្រហែល១,១០០ កសិដ្ឋាន បានបង្កាត់ពូជឆ្កែចំនួនជា ៥៧ម៉ឺនក្បាល ដើម្បីសម្លាប់យកសាច់ផ្គត់ផ្គង់ភោជនីយដ្ឋានប្រហែល ១,៦០០កន្លែង។ សមាគមកសិករនិយាយថា ការហាមឃាត់ដោយច្បាប់ថ្មីនេះនឹងមានផលប៉ះពាល់ដល់កសិដ្ឋានចំនួនជាង ៣,៥០០ ដែលកំពុងចិញ្ចឹមសត្វឆ្កែចំនួនជា ១,៥លានក្បាល ព្រមទាំងប៉ះពាល់ដល់ភោជនីយដ្ឋានចំនួនជាង ៣,០០០កន្លែងនៅទូទាំងប្រទេសផងដែរ៕