សង្គម

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបប្ដឹងចោទលោកអធិការពីបទពុករលួយបក្សពួកនិយម

បែកធ្លាយភាពមិនប្រក្រតីដែលជាអំពើពុករលួយ របស់លោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលពេលនេះត្រូវបានលាតត្រដាងដោយមន្ត្រីក្រោមឱវាទ។ លោកអធិការរូបនេះក៏ត្រូវបានគេអះអាងថា មានជាប់ជំពាក់និងភាពមិនប្រក្រតី ជាច្រើននៅក្នុងការដឹកនាំ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន។ ក្នុងពាក្យបណ្ដឹង នៃក្រុមមន្ត្រីនគរបាលក្រោមអំណាចអធិការដ្ឋាននគរបាលស្រុកស្វាយទាបចុះថ្ងៃទី១ខែមករាឆ្នាំ២០២៤ បានឲ្យដឹងថា

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន២៤រូបរួមមាន៖ អធិការរង,នាយផ្នែក,នាយរងប៉ុស្តិ៍នគរបាលទាំង៩ឃុំ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង បានរួមគ្នាផ្តិតមេដៃដាក់លិខិត គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោរពជូនលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគោរពជូននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីអំពីភាពមិនប្រក្រតីរបស់លោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប។

ក្នុងលិខិតបានបញ្ជាក់រៀបរាប់អំពី អំពើពុករលួយ បក្ស ពួកនិយម គ្មានភាពជាអ្នកដឹកនាំ របស់លោកវរសេនីយ៍ ទោ សោមសារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយចោទប្រកាន់ភាពមិនប្រក្រតី រហូតទៅដល់ ១០ចំណុច។

ខ្លឹមសារនៃចំណុចនីមួយៗ បញ្ជាក់យ៉ាងច្បាស់ អំពីអំពើពុករលួយ និងបក្សពួកនិយម ថែមទាំងមានប្រវត្តិធ្លាប់ជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម កាលពីនៅជាអតីតមេប៉ុស្តិ៍ព្រៃអង្គុញ ក្នុងអំឡុងឆ្នាំ២០១៦ និងត្រូវបានបងប្រុសបង្កើតរបស់ខ្លួន ដែលមានឋានៈថ្នាក់ឧត្តមសេនីយ៍ត្រី លោក អ៊ុក សំអៀង អន្តរាគមន៍រត់ការបិទបាំងរឿងក្តី និងបានដំឡើងឋានៈតួនាទីរហូតក្លាយ ជាអធិការនគរបាលស្រុកស្វាយទាប។

លោក សោម សារ៉ន អធិការនគរបាលស្រុក រូបនេះ តែងតែលួចលក់នូវវត្ថុតាង ដែលបានមកពីបទល្មើសរួមមាន រថយន្ត,ម៉ូតូ និងរ៉ឺម៉ក យកទៅលក់ឲ្យឈ្មួញយ៉ាងអណាធិបតេយ្យដោយគ្មានខ្លាចរអា។

យ៉ាងណាករណីនេះយើងសង្កេតឃើញថា នៅមិនទាន់មានការបកស្រាយបំភ្លឺណាមួយពីសំណាក់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏ដូចជាលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៅឡើយនោះទេ។

ចំណែកឯលោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការរងនគរបាលខេត្តស្វាយរៀង ទទួលផែនភស្តុភារ និងហិរញ្ញវត្ថុ ដែលត្រូវជាប្រុសបង្កើតនិងជាអ្នកអន្តរាគមន៍រត់ការបិទបាំងរឿងរលួយស្អុយរបស់លោក សោម សារ៉ន នាពេលកន្លងមកនោះ ពេលនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះទេ៕