ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីតាំងដីថ្មី ស្ថិតនៅក្នុងភូមិសាស្ត្របឹងតាមោក(បឹងទំនប់កប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កង រាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំក្រុម ការងារសន្តិសុខចុះត្រួតពិនិត្យទីតាំងដើម្បីរៀបចំចាត់ ចែងកសាងការពារសន្តិសុខ សម្រាប់ពិធីបញ្ចុះបឋម សិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គ បញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤នៅទីតាំងថ្មីស្ថិតនៅ ក្នុងភូមិសាស្ត្របឹងតាមោក(បឹងទំនប់កប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នង ការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិផងដែរ៕