ល្បែងស៊ីសង,ឆ្នោត,ហ្គេមអនឡាញ កំពុងវក់ស្មារតីយុវជនយុវនារីក្មេងៗ ឲ្យភ្លេចការសិក្សារៀនសូត្រ ក្នុងពេលដែលអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែត កំពុងសោយសុខលើសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ រីឯការបង្ក្រាបរបស់អាជ្ញាធរគ្មានទាល់តែសោះ ស្របពេលដែលករណីបែកធ្លាយរូបភាពវីដេអូក្មេងកំពុងលេងហ្គេមបាញ់ត្រីនៅក្នុងផ្ទះមួយនៅទីក្រុងប៉ោយប៉ែត។
បន្ទាប់ពីបែកធ្លាយវីដេអូនោះ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានទៅកើតឈ្ងោកមើលទីតាំងនោះដែរ ប៉ុន្តែមិនឃើញដំណើរការទៀតទេ។ នេះបើតាម លោករើន សុភ័ក្រ្ត អធិការរងនគរបាលក្រុងប៉ោយប៉ែត អះអាងប្រាប់ អ្នកកាសែតជាមួយនឹងការភ្ជាប់នូវរូបភាព១សន្លឹកជាផ្ទះបិទទ្វារចាក់សោ ដោយលោកបន្ថែមថា ផ្ទះនោះត្រូវបានបិទទ្វារមុនពេលសមត្ថកិច្ចរបស់លោកទៅដល់។ តើវាប្រាកដជាផ្ទះដែលមានល្បែងហ្គេមបាញ់ត្រី ភ្ជាប់ជាមួយរូបភាពក្មេងកំពុងអង្គុយលេងនោះពិតដែរឬទេ? តើការផ្ញើរូបភាពមួយសន្លឹកតាមប្រព័ន្ធ telegram ហើយនិយាយថា “ផ្ទះនោះបិទហើយ” សមល្មមនឹងឲ្យអ្នកកាសែតជឿ ហើយផ្សាយស្រាយបំភ្លឺដែរឬទេ?
ការលើកឡើងរបស់លោកអធិការរងក្រុងប៉ោយប៉ែត រើន សុភ័ក្រ គឺក្នុងចេតនាជួយបិទបាំងអំពើអនាធិបតេយ្យនៃវង់ល្បែងស៊ីសងហ្គេមអនឡាញ ដ៏ច្រើនសន្ធឹកគ្រប់ច្រក ល្ហកនៅក្នុងក្រុងប៉ោយប៉ែត។ វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងវក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននៅពីប្រជុំជនក្រុងប៉ោយប៉ែតនោះ។ នៅតាមហាងខារ៉ា អូខេតូចធំភាគច្រើន បង្កប់ទៅដោយល្បែង ស៊ីសងគ្រប់ប្រភេទដើម្បីបម្រើអតិថិជន។ គេអាចនិយាយបានថាទីតាំងបនល្បែងធំៗ,ហាងខារ៉ាអូខេមានបង្កប់ល្បែងទាំង ឡាយ…អាចល្មមសមរម្យសម្រាប់ជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរមានសមត្ថកិច្ចនោះហើយ។ ដូច្នេះ គួរបង្ក្រាបទៅល្បែងហ្គេមអនឡាញហ្គេមផ្សេងៗ នៅតាមផ្ទះល្វែង,តាមផ្លូវ ដើម្បីទុកឱកាសឲ្យក្មេងៗបានយកពេលវេលាទៅរៀនសូត្រផង។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន ហាក់ដូចជាធ្វើមិនដឹងមិនឮ ដោយចាញ់ឥទ្ធិពលនៃល្បែងស៊ីសងទាំងនោះ? ភាពព្រងើយកន្តើយ នៃក្រុមអាជ្ញាធរមាន សមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថាគឺអាជ្ញាធរមានសមត្ថកិច្ចនេះ ទទួលបានលាភសក្ការៈពីវង់ល្បែងស៊ីសង,ផ្ទះភ្លើងពណ៌និងតំបន់អនាធិបតេយ្យអនាចារ្យជាច្រើនទៀត។ នៅទីកន្លែងខ្លះ សមរម្យល្មមសម្រាប់ជាផលប្រយោជន៍ របស់អាជ្ញាធរមានសមត្ថកិច្ចអាចរស់បានសម្រាប់គុយទាវកាហ្វេនោះហើយ។ ប៉ុន្តែកន្លែងខ្លះ មិនគួររក្សាទុក ព្រោះតែប្រយោជន៍បន្តិចបន្តួចធ្វើឲ្យប៉ះពាល់ដល់អនាគតក្មេងៗ ជំនាន់ក្រោយនោះឡើយ។ ក្នុងនាមជាអ្នកដឹកនាំគួរតែគិតគូរអំពីអនាគតក្មេងជំនាន់ក្រោយផង។
ករណីដែលកំពុងកើតឡើងនៅក្រុងប៉ោយប៉ែត គួរតែអាជ្ញាធរថ្នាក់ខេត្ត ជាពិសេសឆ្នងការនគរបាលខេត្តលោកសិទ្ធិ ឡោះ បើកប្រតិបត្តិការបង្ក្រាបវាយកម្ទេចឆ្នាំងបាយរបស់ពួកអាជ្ញាធរថ្នាក់ក្រោមនោះម្ដងទៅ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរខេត្ត ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា សូម្បីតែលោកស្នងការខេត្ត ក៏ត្រូវពួកឈ្មួញថៅកែហ្គេមអនឡាញ,ថៅកែវង់ល្បែង នៅក្រុងប៉ោយប៉ែតបិទមាត់នោះដែរ។ ដូច្នេះគឺរំពឹងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការលើករណីហ្គេមល្បែងស៊ីសងដែលកំពុងរីកព្រោងព្រាតនៅគ្រប់ផ្លូវ,គ្រប់ច្រកល្ហកក្នុងក្រុងប៉ោយប៉ែតនោះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732