ខេត្តបន្ទាយមានជ័យ÷ ល្បែងស៊ីសងតាមអ៊ីនធឺណិត ជាពិសេសហ្គេមបាញ់ត្រីកំពុងវក់ស្មារតីកុមារា,កុមារី វ័យជំទង់នៅក្រុងប៉ោយប៉ែតឲ្យវកវីភ្លេចការសិក្សារៀនសូត្រ ។ រីឯអាជ្ញាធរក្រុងប៉ោយ ប៉ែត មិនចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះឡើយ។ នៅគ្រប់ច្រកផ្លូវក៏ដូចជាតាមទីតាំងហាងកាហ្វេសុទ្ធតែមានល្បែងហ្គេម internet ប៉ុន្តែ អាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាល ត្រូវគេមើលឃើញថាធ្វើមិនដឹងមិនឮព្រោះតែដើម្បីលាបសក្ការៈ។
គេនិយាយថា ផលប្រយោជន៍ដែលទទួលបាន ពីតាមកាស៊ីណូឬហាងខារ៉ាអូខេបង្កប់ល្បែង គឺសមរម្យសម្រាប់ឲ្យលោកអធិការសោយសុខបានទៅហើយ មិនចាំបាច់មកបង្កើតបញ្ហានៅតាមដងផ្លូវកំប៉ិកកំប៉ុកយ៉ាងនេះទេ។ តែលោកអធិការត្រូវគេមើលឃើញថា កំពុងប្រមូលផល ប្រយោជន៍ពីគ្រប់ច្រកល្ហក ដោយមិនគិតពីផលលំបាក ទៅអនាគតចំពោះកុមារា,កុមារីនោះឡើយ។ ជាក់ស្ដែងទីតាំងល្បែងស៊ីសងច្រើនកន្លែងជាពិសេសទូហ្គេមបាញ់ត្រីកំពុងពង្វក់ស្មារតីយុវជនយុវនារីជាពិសេសថ្មីៗក្រោមអាយុ១៥ឆ្នាំឲ្យវិលវល់ភ្លេចការរៀនសូត្រ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងសុីសង ”ហ្គេមបាញ់ត្រី”ខុសច្បាប់មួយកន្លែងក្នុងភូមិផ្សាររ៉ា សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងបានដោយរលូន។ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង?គេថា បើមិនពាក់ព័ន្ធ នឹងផលប្រយោជន៍អាជ្ញាធរមាន សមត្ថកិច្ចលោកសៅ សារឿន ប្រាកដជាបង្ក្រាបបាត់ទៅហើយ។
ប្រភពដដែលបានឲ្យដឹងថា ទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមក្មេងៗញៀនល្បែងចូលលេងហ៊ោ កញ្ជ្រៀវ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមាន ការព្រួយបារម្ភ ភ័យខ្លាចកើតអំពើចោរកម្មនិងបទល្មើស ដូចជា លួច,ឆក់,ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្រុមក្មេងៗ អ្នកទៅលេងល្បែងហ្គេមបាញ់ត្រីទាំងនោះមិនគិតគូរពីការសិក្សារៀនសូត្រអ្វីឡើយ។ ហេតុនេះគឺមានន័យថា លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានរួមចំណែកដោយប្រយោលក្នុងការបំផ្លាញអនាគតក្មេងៗទាំងនេះ។
ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សំណូមពរលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយនានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង។ ការរំពឹងទៅលើលោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ឲ្យបង្ក្រាបបញ្ហាហ្គេមល្បែងបាញ់ត្រីនិងល្បែងស៊ីសងអ៊ីនធឺណិតផ្សេងទៀតគឺមិនអាចទៅរួចឡើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299