ព័ត៌មានជាតិ

ទណ្ឌិតជាង ២០០នាក់ ត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជទានការបន្ធូរបន្ថយទោសសម្រាប់ថ្ងៃ៧មករា

ទណ្ឌិតសរុបចំនួន ២៤៥នាក់ ស្រី ២៨នាក់ ត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាជ័យជម្នះ ៧មករា។ នេះបើតាមការឱ្យដឹងពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

លោក គឹម សន្តិភាព បានសរសេរដូច្នេះថា៖ «ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥នាក់ (ស្រី ២៨នាក់)»។

បើតាមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទណ្ឌិតដែលបន្ថយទោសរយៈពេល ៣ខែ មានចំនួន ១៧៨នាក់ រយៈពេល ៦ខែ ចំនួន ៥៧នាក់ រយៈពេល ៩ខែ ចំនួន ៨នាក់ រយៈពេល ១២ខែ ចំនួន ១នាក់ និងបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន១នាក់។

ចំពោះទណ្ឌិតដែលប្រព្រឹត្តិបទល្មើសទូទៅ ដូចជា ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ និងទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ គឺមិនទទួលបានការបន្ធូរបន្ថយទោសនោះទេ។

ជាមួយគ្នានេះ ទណ្ឌិតដែលប្រព្រឹត្តិបទល្មើសរំលោភផ្លូវភេទលើអនីតិជនអាយុក្រោម ១៤ឆ្នាំ លើជនមានវិបល្លាសសា្មរតី ពិការ ជាសាច់សាលោហិត ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត ក៏មិនត្រូវបានទទួលការបន្ធូរបន្ថយទោសផងដែរ។

រាល់ពេលមានពិធីបុណ្យជាតិម្តងៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ទណ្ឌិតមួយចំនួនក្នុងចំណោមទណ្ឌិតសរុប ទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសពីរព្រះមហាក្សត្រខ្មែរ។

គូសបញ្ជាក់ថា នៅកម្ពុជាមានអ្នកទោសជាប់ពន្ធនាគារទូទាំងប្រទេសសរុបជាង ៤ម៉ឺននាក់ ក្នុងនោះស្រីជាង ២ពាន់នាក់ ភាគច្រើនជាអ្នកទោសបទល្មើសគ្រឿងញៀនមាន ៥១ភាគរយ៕