មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះដែលបង្កឱ្យមានភាពអនាធិបតេយ្យនៅលើផ្លូវសាធារណៈ មកចាត់វិធានការតាមផ្លូវច្បាប់។
សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា មានមនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានីសព្វថ្ងៃនេះ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។
មន្ទីរសុខាភិបាលភ្នំពេញបានលើកឡើងថា ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនោះ មន្ទីរសុខាភិបាលភ្នំពេញបានបញ្ជាក់ អំពីផលវិបាកនៃសកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែ មានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។
ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមានខាងលើ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។
ទន្ទឹមនឹងនោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងសង្ឃឹមថា បុគ្គលមួយចំនួនតូចទាំងនោះនឹងចូលរួមសហការបញ្ឈប់សកម្មភាពល្មើស ព្រមទាំងអំពាវនាវដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តអប់រំកុំឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់នេះបន្តទៀត៕