កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបដើម្បីពិភាក្សាឡើងវិញលើតម្លៃចេញចូលព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរឡើងវិញ។
ជាដំណោះស្រាយបន្តនេះ អង្គប្រជុំបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្របជូនក្រុមអ្នករត់តាក់ស៊ី។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្រុមពលរដ្ឋដែលប្រកបមុខរបរដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានតវ៉ាស្នើឱ្យក្រុមហ៊ុនចិនដែលគ្រប់គ្រងអាកាសយានដ្ឋានបញ្ចុះតម្លៃ និងលែងយកថ្លៃសេវាចេញចូលអាកាសយានដ្ឋាន ខណៈចេញចូលម្តងត្រូវចំណាយអស់ចាប់ពី៣ដុល្លារទៅតាមប្រភេទរថយន្តដែលជាតម្លៃមិនអាចទទួលយកបានឡើយ៕