សង្គម

រឿងរណ្ដៅដីនៅខេត្តតាកែវប្រៀបដូចជា”ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ”

ខេត្តតាកែវ៖ ករណីរណ្ដៅដីច្រើនកន្លែង ជាពិសេសក្បែរៗជើងភ្នំក្នុងភូមិសាស្ត្រខេត្តតាកែវត្រូវបានប្រជាពលរដ្ឋពិពណ៌នាថា “ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ” ។ ជាក់ស្ដែងរណ្តៅដីនៅជើងភ្នំជីសូរស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ បើទោះ បីជាមហាជនមើលដោយភ្នែកទទេឃើញថា ខុសបទ ដ្ឋានបច្ចេកទេស និងកៀកជើងភ្នំក៏ដោយ ក៏ដំណើរការ នៃការជីករណ្តៅដីជ្រៅជម្រៅក្បាលប្រេតនេះ នៅតែធ្វើ សកម្មភាពទៅមុខដោយ មិនខ្វល់ចំពោះការរិះគន់ពីមជ្ឈដ្ឋានណាឡើយ។ រីឯស្ថាប័នជំនាញ ពោលគឺមន្ទីររ៉ែនិងថាមពលខេត្តតាកែវ ក្រោមអំណាចរបស់លោកផេងវុធ នៅតែធ្វើមិនដឹងមិនឮ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រណ្ដៅដីនៅជើងភ្នំជីសូររបស់លោកថៅកែមឿន សុធី ហៅតាម៉ាក នៅតែបន្តជីកកកាយជារៀងរាល់ថ្ងៃ បើទោះបីជាប្រជាពលរដ្ឋនៅតំបន់នោះ ព្រួយបារម្ភអំពីហានិភ័យ ដែលនឹងកើត ឡើងចំពោះតួប្រាសាទ ដែលនៅលើកំពូលភ្នំជីសូរនោះយ៉ាងណាក៏ដោយ ។ ពួកឈ្មួញកំពុងធ្វើសកម្មភាពជីក រណ្ដៅកាយយកអាចម៍ដី ដោយប្រើគ្រឿងចក្រធំៗខ្វាជម្រៅជ្រៅហើយដឹកយកអាចម៍ដីទៅចាក់នៅរោងចក្រមួយកន្លែងតាមផ្លូវជាតិលេខ២។ បើទោះជាប្រជាពលរដ្ឋព្រួយបារម្ភអំពីហានិភ័យយ៉ាងណាក៏ដោយ ក៏មន្ទីរ៉ែ និងថាមពល ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវមិនខ្វល់នោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីមានការរិះគន់ និងប្រព័ន្ធផ្សព្វ ផ្សាយនានា បានលើកឡើងអំពីបញ្ហាជីករណ្ដៅដីខុសបច្ចេកទេសនៅជើងប្រាសាទភ្នំជីសូរនោះ លោកផេង វុធប្រធានមន្ទីរ៉ែ និងថាមពលខេត្តតាកែវ ចាត់ទុកព័ត៌មាននោះថា អ្នកកាសែតភ្លីភ្លើ និងថាជម្រៅដែលបានជីកតែ ៣ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ ទិដ្ឋភាពជាក់ស្ដែងដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកកាសែតបានឃើញផ្ទាល់ភ្នែក ជម្រៅយ៉ាងហោចណាស់ក៏ជាង១០ម៉ែត្រដែរ ដែលពួកគេកំពុងតែជីកសព្វថ្ងៃ។ បើទោះបីជាការ ជីករណ្ដៅដីនោះខុសបទដ្ឋានបច្ចេកទេសយ៉ាងណាក៏ដោយ ក៏គេមិនឃើញអស់លោកមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោកផេង វុធ មានប្រតិកម្មយ៉ាងណានោះឡើយ ពោលគឺផ្ដល់ឱកាសឲ្យពួកឈ្មួញធ្វើអ្វីស្រេចតែចិត្ត។

ប្រជាពលរដ្ឋហាក់អស់ជំនឿ ទៅលើស្ថាប័នជំនាញនៃមន្ទីរ៉ែ និងថាមពល ក៏ដូចជាថ្នាក់ដឹកនាំខេត្តតាកែវនោះទៅហើយ។ ក្រសួងរ៉ែ និងថាមពលរបស់លោកកែវ រតនៈ ថ្មីៗនេះបានដកមន្ត្រីឋានៈប្រធានមន្ទីរ និងមន្ត្រី១រូបនៅមន្ទីរ៉ែ និងថាមពលខេត្តកណ្ដាល។ នេះជាវិធានការលាងសម្អាតសាច់ស្អុយ ដែលជាជនប្រព្រឹត្តអំពើពុករលួយ។ ករណីដែលកំពុងតែកើតឡើង នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ពាក់ព័ន្ធនឹងការជីកកកាយយកអាចម៍ដី តំបន់ជើងភ្នំដែលបង្កហានិភ័យដល់ទួលប្រាសាទនោះ ក៏គួរ តែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ផងដែរ។ ការរំពឹងទៅលើស្ថាប័នជំនាញថ្នាក់ខេត្ត,ជាពិសេសអាជ្ញាធរថ្នាក់ដឹកនាំខេត្តលោក អ៊ូច ភា មិនដែលគិតខ្វល់ពីមហន្តរាយអ្វីសោះឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299