កាលពីថ្ងៃម្សិលមិញ (៣ មករា) មានយន្តហោះប្រភេទ Airbus 330-202 មួយគ្រឿងបានហោះចាកចេញពីព្រលានយន្តហោះកោះត្រល់ និងបានហោះលើខេត្តកែបអស់រយៈពេលប្រមាណ៣ម៉ោង, បើតាមលោក ស៊ីន ចាន់សិរិវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថា ករណីនេះ គឺដោយសារយន្តហោះនោះជួបនូវបញ្ហាបច្ចេកទេស។
លោក ស៊ិន ចាន់សិរិវុត្ថា មានប្រសាសន៍ថា នៅម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី០៣ ខែមករា យន្តហោះ Airbus 33០-202 នេះ បានជួបឧបទ្ទវហេតុ ពោលគឺមានបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ដោយតម្រូវឱ្យយន្តហោះត្រូវហោះទៅចតនៅព្រលាន PHU QUOC ឡើងវិញ។ តាមលក្ខណៈបច្ចេកទេស ក្រោយជួបបញ្ហាបែបនេះ យន្តហោះត្រូវហោះចុះឡើងៗជាង៣ម៉ោងនៅលើអាកាស ដើម្បីឱ្យអស់សាំងទើបអាចចុះចតបានដោយគ្មានបញ្ហាអ្វីធ្ងន់ធ្ងរ។
បើតាមលោក លោក ស៊ីន ចាន់សិរីវុត្ថា យន្តហោះដែលហោះជាង៣ម៉ោងលើដែនអាកាសកម្ពុជានេះគឺ ជាប្រភេទដឹកទំនិញ ដែលក្នុងទិសដៅគឺចេញពីព្រលានយន្តហោះ PHU QUOC របស់វៀតណាម ក្នុងទិសដៅទៅកាន់ប្រទេសម៉ុងហ្គាលី។
បើតាមព័ត៌មានពី Flightradar24 នៅម៉ោង៧៖១០នាទី យន្តហោះនេះ បានចុះចតនៅព្រលានយន្តហោះPHU QUOCដោយសុវត្ថិភាព៕