បុរសដែលប្រើអំពើហិង្សាលើកូនស្រីបង្កើតខ្លួននៅក្រុងបាវិតដូចសត្វធាតុ ឥឡូវនេះសាលាដំបូងខេត្ដស្វាយរៀង បានកាត់ទោសសម្រេចដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ។
លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា ករណីនេះ តុលាការបានកាត់ទោសជនសង្ស័យជាឪពុកដែលប្រើអំពើហិង្សាលើកូនស្រីបង្កើត ដោយដាក់ឲ្យពន្ធនាគាររយៈពេល៣ឆ្នាំ។
សូមរំលឹកថា ស្ដ្រីម្នាក់ ត្រូវបានឪពុកបង្កើតប្រើប្រាស់អំពើហិង្សាដាក់យ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទើបជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយនៅលើបណ្ដាញសង្គម៕