សង្គម

នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការខេត្តសៀមរាបម្នាក់ត្រូវ​ដកហូត​តួនាទី ក្រោយ​រកឃើញមានសារធាតុញៀន​ក្នុង​ខ្លួន

លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការស្ដីទីខេត្តសៀមរាប​បាន​បញ្ជាក់ថា លោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការខេត្តសៀមរាប ត្រូវបានថ្នាក់ដឹកនាំបានសម្រេចដកតួនាទីរួចហើយ បន្ទាប់ពីពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន។

ចំពោះ​ចំណាត់​ការ​បន្ត​យ៉ាងណានោះ ​លោកវរសេនីយ៍ឯក អៀង មករា នាយការិយល័យបុគ្គលិក នៃស្នងការខេត្តសៀមរាបបានបញ្ជាក់ថា ករណីមន្ត្រីនគរបាលខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖ ១. បានបញ្ជូនទៅមណ្ឌលអប់រំ និងកែប្រែ, ២. បានធ្វើរបាយការណ៍បញ្ជូនទៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ ដើម្បីស្នើ សុំអនុវ ត្តន៍វិន័យ, ៣.បច្ចុប្បន្នមន្ត្រីរូបនេះបានផ្អាកការងារបណ្តោះអាសន្ននិងយកមកអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេចពីថ្នាក់ដឹកនាំខាងលើ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះមានការបង្ហោះព័ត៌មានតាមហ្វេសប៊ុកថាមានរថយន្តម៉ាក Mazda ពាក់ស្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយម្ចាស់រថយន្តបែកថ្នាំ។ ក្រោយមានការបែកធ្លាយបែបនេះ ស្នងការខេត្តបានចេញបញ្ជាក់ថា អ្នកបើករថយន្តខាងលើគឺគឺលោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប។

ករណីនេះ លោកអនុសេនីយ៍ទោ សាង រ៉ាយូ បំភ្លឺថា លោកពិតជាបានបើកបររថយន្តពាក់ស្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺបើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ។

យ៉ាងណាក៏ដោយ លោក​អនុសេនីយ៍ទោ សាង រ៉ាយូ ត្រូវបានជំនាញយកទឹកនោមទៅពិនិត្យ ហើយ​ក៏​បាន​រកឃើញថា នគរបាលរូបនេះមានសារធាតុញៀនក្នុងខ្លួន៕