សង្គម

មន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ៥០នាក់ត្រូវផ្ទេរចេញពីតួនាទី

មន្ត្រីចំនួន៥០នាក់ទៀតនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា ផ្ទេរចេញទៅកាន់តួនាទីផ្សេង។ នេះបើតាមប្រកាសស្ដីពីការផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីមហាផ្ទៃកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់មូលហេតុការផ្ទេរតំណែងមន្ត្រីនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ទៅកាន់តួនាទីផ្សេង គឺដើម្បីរៀបចំ និងរៀបរយឡើងវិញនូវការពង្រឹងសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមនៃលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានចុះធ្វើអធិការកិច្ចទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារដែលចុះអង្កេតស្រាវជ្រាវលើករណីផលិតផលក្លែងក្លាយ ហើយរកឃើញថាមានបាតុភាពមិនប្រក្រតីផ្សេងៗ។

លោកថ្លែងបន្តថា «ជាគោលការណ៍ទូទៅ គឺដើម្បីសម្រួលឱ្យបានល្អប្រសើរ អ៊ីចឹងមានតែសម្រួលមន្ត្រី មន្ត្រីដែលមកពីស្ថាប័នណា គឺឱ្យគាត់ទៅហ្នឹងសិន ហើយមន្ត្រីដែលមិនមានតួនាទីភារកិច្ចនៅស្ថាប័នដើមណាមួយ អាចរុញគាត់ទៅទីប្រឹក្សាក្រសួងសិនដើម្បីរៀបចំរចនាសម្ព័ន្ធ និងសមាសភាពសាឡើងវិញ»៕