សង្គម

អាជ្ញាធរណែនាំឪពុកម្តាយកុំបណ្តោយកូនមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានរម្លឹកដល់អាណាព្យាបាលកុំបណ្តោយឱ្យកូនដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ ព្រោះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងផេកស្នងការដូច្នេះថា៖ «សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល»។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីកាលពីថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីសិស្សសាលាម្នាក់ត្រូវបានរថយន្តកិនបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងស្ថិតក្នុងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច ១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕