សង្គម

ពលរដ្ឋស្នើអាជ្ញាធរស្រុកស្ទឹងត្រង់ ជួយបង្ក្រាប បនល្បែង មាន់ជល់ហាយឡាយដុះស្លែរ ក្នុងឃុំមេសរជ្រៃ

កំពង់ចាម ៖ តាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបានអោយដឹងថា មានបនល្បែងមាន់ជល់ហាយឡាយ ១កន្លែងស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ដំណើរការទទួលអតិថិជន ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ

ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់នោះទេ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ មេឃុំមេសរជ្រៃនឹងលោកអធិការស្រុកស្ទឹងត្រង់ស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ លោកហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម ទេទើបអាចបង្ក្រាបបានមើលទៅ?

ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ស្រុកស្ទឹងត្រង់ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងករណីទីតាំងបនល្បែងដុះស្លែរខាងលើ លោកមេប៉ុស្តិ៍មេសរជ្រៃ បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា
យ៉ាងខ្លីថា ចាំខ្ញុំឱ្យកម្លាំងចុះទៅពិនិត្យមើល។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋស្នើរសុំដល់ លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី ជាស្នងការនគរបាលខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង ព្រោះពួកគាត់អស់ជំនឿទៅលើលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ទៀតហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299