សង្គម

រថយន្ដដឹកលើសទម្ងន់ ០៦ គ្រឿងត្រូវពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកពាមជ ខេត្តព្រៃវែង

ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ០៦ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៩-២៧ តោន ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

តាមមាត្រា៦០ ស្តីពីច្បាប់ផ្លូវថ្នល់ រថយន្តដែលដឹកលើសទម្ងន់ពី ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរងពិន័យអន្តរការណ៍ជាប្រាក់ ៣សែនរៀលក្នុងទម្ងន់ ១តោន រថយន្តត្រូវបានឃាត់ទុក ១ឆ្នាំ ហើយដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ។

មាត្រា៦០ ស្តីពីច្បាប់ផ្លូវថ្នល់ បានចែងទៀតថា ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍រួចម្តងហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ១ឆ្នាំ ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។

ក្រសួងសាធារណការ និងដឹកជញ្ជូន រំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ គ្មានការលើកលែងឡើយចំពោះរថយន្តដែលដឹកលើសទម្ងន់កំណត់៕