រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥:០០នាទីព្រឹក រហូតដល់វេលាម៉ោង ១១:០០នាទីថ្ងៃត្រង់។
ផ្អែកតាមសេចក្តីជូនដំណឹងនាថ្ងៃទី២៧ខែធ្នូ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ។ ពិធីនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិពណ៌សមិទ្ធផលនិងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្នតាមពេលវេលាដូចបានកំណត់រួមមាន៖ ១.ក្នុងអំឡុងការប្រារព្ធពិធីនាព្រឹកថ្ងៃទី២៩ខែធ្នូ មិនអនុញ្ញាតឱ្យយាន្តជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ-ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ៥:០០នាទី រហូតដល់បញ្ចប់កម្មវិធីប្រហែលវេលាម៉ោង១១:០០នាទី។ ក្រោយពេលចប់ពិធី យានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយសម្របសម្រួលចរាចរជូន។
ដោយឡែក ចាប់ពីវេលាម៉ោង ២:០០នាទី តទៅពិធីខាងលើ នឹងបើកជូនសាធារណជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់ទីតាំងដែលបានកំណត់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថី ខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ៕