កាលពីរសៀលថ្ងៃម្សិលមិញនេះ មានផេកហ្វេសប៊ុកមួយឈ្មោះ Happiness Store I បានបង្ហោះសារធ្វើការរិះគន់ចំពោះរីស៊ត ដូងទេរ ប៊ូទិក ដែលស្ថិតនៅក្នុងខេត្តកំពតថា ល្អមើលតែខាងក្រៅ តែពេលដល់បានស្នាក់នៅទើបដឹង។
ហ្វេសប៊ុកនោះបានសរសេរថា «អ្វីអ្វីខុសការគិតទាំងស្រុង.. កាប់មួយអោយចាំមួយជីរិត 👎👎 បន្ទប់ដល់សែនស្អាត មានទាំងកណ្ដុលរត់លើពិដាន ពេលភ្លៀងលិចចូលពេញបន្ទប់ សំបកក្រៅមើលទៅល្អ ខាងក្នុងបន្ទប់ឡើងរលួយ.. ពេលចូលដំបូងមិននិយាយគ្នាអោយហើយ. លើសមនុស្សម្នាក់ថែម 5$ មិនថាទេ សំខាន់យកbeer ចូល គិត5$ ដែល😂😂 ដែលមានអត់បងបង យកស្រាចូលអូតែលគិតលុយ??? ចឹងសូមផ្ដាំ មុនចូលសួរគេសិន.»។
ជាមួយគ្នានេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត បានចូលទៅបញ្ចេញមតិ ដោយក្នុងនោះ មានគណីហ្វេសប៊ុកមួយបានចូលទៅបញ្ចេញយោបល់ថា « ខ្ញុំទៅដេកបានមួយយប់ ពេលព្រឹកប្រាប់ខាងគាត់ថាពួកខ្ញុំដេកមួយយប់ទៀតបងខំទុកឥវ៉ាន់នៅក្នុងបន្ទប់ហើយ ចេញទៅដើរលេង ល្ងាចឡើងមកវិញ គាត់ថាបន្ទប់ខ្ញុំជួលឲ្យគេហើយបងនេះឥវ៉ាន់បងខ្ញុំរើមកឲ្យបងហើយ😑 ដល់ចឹងចប់អត់ដឹងយាយថាមិចម៉ង😂😂 »។
ចំពោះការរិះគន់ទាំងនេះ អ្នកគ្រប់គ្រងរីស៊ត ដូងទេរ ប៊ូទិក បានថ្លែងថា កន្លែងខ្លួនគឺមានច្បាប់ទម្លាប់ ដោយនៅតាមបន្ទប់ក៏មានបិទផងដែរ ដោយប្រសិនបើភ្ញៀវចូលលើសចំនួន គឺត្រូវបង់ក្នុងម្នាក់៥ដុល្លារបន្ថែម ព្រោះខ្លួនត្រូវរៀបចំខ្នើយ និងពូកបន្ថែម, ចំណែកការយកភេសជ្ជៈចូលពីខាងក្រៅ គឺខ្លួនត្រូវផាកបន្ថែម ដោយសារកន្លែងខ្លួនក៏មានលក់ដែរ តែបើភ្ញៀវទិញកន្លែងរបស់ខ្លួនខ្លះ ខ្លួននឹងមិនផាកនោះទេ។
យ៉ាងណាក៏ដោយចំពោះករណីនេះ គេរំពឹងថា មន្ទីរទេសចរណ៍ខេត្តកំពត នឹងចុះធ្វើការពិនិត្យ ដើម្បីកុំឲ្យមានការរិះគន់បន្តទៀត ព្រោះថាខេត្តកំពត ក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាផងដែរ៕