សង្គម

ស្នងការភ្នំពេញបញ្ជាឱ្យតាមចាប់អ្នកបើករថយន្តបើកបុកម៉ូតូ ១គ្រឿងបណ្តាលឱ្យមានអ្នករបួសនិងស្លាប់ នៅខណ្ឌដូនពេញ

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ ១គ្រឿង បណ្តាលឱ្យមានអ្នករបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ជួន ណារិន្ទ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត ១គ្រឿងបុក អ្នកជិះម៉ូតូ ៣នាក់ ប្តីប្រពន្ធកូនបណ្តាលឲ្យស្លាប់ និងរងរបួស ឯរថយន្តបានបើករត់គេច។

ស្នងការរាជធានីភ្នំពេញ ក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។

ទន្ទឹមនោះ លោកបានដាក់បទបញ្ជាកម្លាំងមានសមត្ថកិច្ចដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ លោកអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស៕