សង្គម

រដ្ឋបាលខណ្ឌទួលគោកបរាជ័យយ៉ាងអាម៉ាស់ ករណីរៀបចំសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ

អាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវលេខ២៥៧ ក៏ដូចជានៅជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិ ពិពណ៌នាថា បានដើរបកថយក្រោយ ដែលការថយនោះ រហូតដល់ជាន់លាមកខ្លួនឯងបណ្ដាលឱ្យប្រឡាក់ស្អុយពេញភូមិ។ ប៉ុន្តែអ្នកខ្លះនិយាយថាវាជាវិធានការវ៉ៃស្មៅបង្អើលពស់ តែប៉ុណ្ណោះ។ សម្រាប់អ្នកលក់ដូរនៅជុំវិញរបងមន្ទីរពេទ្យនិយាយថា វ៉ៃស្មៅបង្អើលពស់ ញឹកញាប់ណាស់។

បានជាប្រជាពលរដ្ឋហៅអាជ្ញាធរខណ្ឌទួលគោកថា ជាន់លាមកខ្លួនឯងនោះ ពីព្រោះកាលពីសប្ដាហ៍មុន លោកអភិបាលរងខណ្ឌទួលគោកមួយរូប ហែហមដោយអាម៉ី អាថោង ជាសន្តិសុខ,សណ្ដាប់ធ្នាប់ច្រើនរូប បានថត ចម្លងក្រដាសមួយសន្លឹកដើរបិទលើកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដែលចុះហត្ថលេខាដោយឯកឧត្តម ជា ពិសីអភិបាលខណ្ឌទួលគោក ដាក់ឱសានវាទ១សប្តាហ៍ឱ្យអ្នកប្រកបអាជីវកម្មលើចិញ្ចើមផ្លូវជុំវិញរបងមន្ទីរពេទ្យបញ្ឈប់ការលក់ដូរ។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នក លក់ដូរ នៅបន្តសកម្មភាពដដែល មិនតែប៉ុណ្ណោះកំពុងរៀបចំធ្វើសំណង់រឹងមាំ ថែមទៀតផង។

ប្រជាពលរដ្ឋហៅវិធានការរបស់រដ្ឋបាល ខណ្ឌទួលគោកនោះថា “បើមិនលាមកទេ កុំឲ្យសុនខ អរ”។ បើនិយាយតាមបែបភាសាប្រជារាស្រ្តសាមញ្ញ ពួកគាត់ថា “បើមិនអាចម៍ទេ កុំឲ្យឆ្កែអរ” ។ នោះគឺ ពលរដ្ឋសប្បាយរីករាយជាពន់ពេក នៅពេលដែលឃើញរដ្ឋបាលខណ្ឌទួលគោក កំណត់ឱសានវាទ ឲ្យអាជីវករលក់ដូរនៅជុំវិញរបងមន្ទីរ ពេទ្យកុមារជាតិរួសរើទីតាំងនោះចេញ។ ប៉ុន្តែគឺជាង១ សប្តាហ៍ហើយ ដំណើរការលក់ដូរប្រព្រឹត្តទៅជាប្រក្រតីនោះមានន័យថាអាជ្ញាធរខណ្ឌទួលគោកអនុវត្តវិធានការ “វាយស្មៅ បង្អើលពស់”ទេ។ ប្រសិនបើ ការអនុវត្តវិធាន ការនោះប្រាកដប្រជាមែន ទំនងជាត្រូវស្អាតបាតរៀបរយអស់ហើយ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចុះអប់រំណែនាំ និងបិទ ផ្សាយសេចក្ដីជូនដំណឹងចុងក្រោយ របស់រដ្ឋបាលខណ្ឌ ជូនដល់ម្ចាស់អាជីវកម្មប្រកបការលក់ដូរ លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិទាំងអស់ដើម្បីឲ្យរុះរើចេញក្នុង រយៈពេល១ សប្តាហ៍។ បច្ចុប្បន្នអាជីវករបានយកចិញ្ចើមផ្លូវលក់ដូរ រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និង បង្កការកកស្ទះចរាចរណ៍ផងដែរ។ អភិបាលរងខណ្ឌ ទួលគោកឱ្យដឹងថា អាជ្ញាធរខណ្ឌបានចុះជូនដំណឹងដល់ម្ចាស់អាជីវកម្ម នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិន បានចូលរួមសហការជាមួយអាជ្ញាធរទេ។ដូច្នេះអាជ្ញាធរចេញសេចក្ដីជូនដំណឹងនេះ ជាលើកចុង ក្រោយ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីឲ្យពួកគាត់រុះរើចេញ ក្នុងករណីមិនចូលរួមសហការជាមួយអាជ្ញាធរ និងចាត់ការវិធានការរដ្ឋបាល។

សេចក្ដីជូនដំណឹងរដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិសង្កាត់ទឹកល្អក់ទី១ ទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀប រយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើក កម្ពស់សោភ័ណ ភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជា បន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវរុះរើចេញ ដោយទុករយៈពេលឱ្យ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គេមិនដឹងថា តើមកដល់ពេលនេះ អាជ្ញាធរខណ្ឌទួល គោក បានប្រើអាម៉ីអាថោង ឲ្យមកអើតឈ្ងោកមើលសេចក្តីជូនដំណឹងរបស់ខ្លួនមានប្រសិទ្ធភាព ឬអត់នោះទេ? ការដែលបញ្ហាសណ្ដាប់ធ្នាប់ មិនអាចរៀបរយបាននៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិនោះធ្វើឲ្យប្រជាពល រដ្ឋយល់ថា វាជាគ្រាន់តែជាវិធានការ វ៉ៃស្មៅបង្អើលពស់ តែប៉ុណ្ណោះ។ បើក្រឡេកមើលការលក់ដូរលើចិញ្ចើមផ្លូវវិញគឺផ្លូវលេខ២៥៧ស្ទើរតែបាត់បង់ទ្រូងផ្លូវទៅហើយ។គេមិនដែលឃើញអាជ្ញាធរខណ្ឌទួលគោកខ្វល់នោះទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299