សង្គម

លោក ឌិត ទីណា ៖ ឆ្នាំនេះទិន្នផលត្រីសម្រាប់ធ្វើប្រហុកសម្បូរជាងឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចុះទៅត្រួតពិនិត្យផ្ទាល់នៅកន្លែងនេសាទត្រីក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ដោយប្រាប់អ្នកសារព័ត៌មានថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ផ្អក នៅឆ្នាំនេះកើនឡើងជាងឆ្នាំមុន ដោយសារតែការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។

ក្នុងដំណើរចុះត្រួតពិនិត្យទិន្នផលត្រី លោករដ្ឋមន្ត្រី សង្កេតឃើញថា សម្បូរជាប្រភេទ ត្រីស្លឹកឫស្សី ត្រីឆ្វៀត និងត្រីចម្រុះ ដោយភាគច្រើនពលរដ្ឋឡើងមកពីខេត្តកំពង់ស្ពឺបាននាំគ្នាមកទិញត្រីដើម្បីធ្វើប្រហុក ផ្អក ទៅតាមបែបប្រពៃណីសម្រាប់បរិភោគពេញមួយឆ្នាំ។

បើតាមលោក ឌិត ទីណា បច្ចុប្បន្នសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ។ លើសពីនេះទៀត ក្រសួងបានចាប់ផ្តើមសាកល្បងឱ្យមានការប្រកួតប្រជែងការកែច្នៃប្រហុកឆ្ងាញ់កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel ហើយនឹងបន្តធ្វើបន្ថែមទៀត។

ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។

នៅរដូវនេសាទឆ្នាំនេះ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែក ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះភ្លៀង៕