សង្គម

ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន

នៅថ្ងៃពុធ ទី២៣ ខែកញ្ញានេះ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជាច្រើនកន្លែងជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ”។

ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K ) ។

បើតាមលោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀប ចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “កិច្ចសម្ភាសប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕