ក្រសួងវប្បធម៌មានគោលដៅក្នុងការពង្រីកទីផ្សារភាពយន្តកម្ពុជាទៅក្រៅប្រទេស តាមរយៈការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុកបន្ថែម។
បំណងក្នុងការពង្រីកទីផ្សារទៅបរទេសត្រូវបានឱ្យដឹងក្នុងសិក្ខាសាលាមួយដើម្បីលើកកម្ពស់ភាពយន្តក្នុងស្រុកកាលពីថ្ងៃព្រហស្បត្តិ៍ ដែលរៀបចំដោយនាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅសណ្ឋាគារ Fairfield by Marriott។
ប្រធាននាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌លោក ប៉ុក បូរក្ស បានលើកឡើងថា បន្ទាប់ពីរងការបន្ទុចបង្អាក់ពីជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះស្ថានភាពនៃទីផ្សារភាពយន្ត និងការផលិតកុននៅកម្ពុជាមានការកើនឡើងវិញ ជាមួយនឹងស្ថានភាពនៃទស្សនិកជនក៏កើនឡើងដូចគ្នា។ ក្នុងបរិបទនេះហើយទើបលោកយល់ថាដល់ពេលដែលការផលិតកុននៅកម្ពុជាត្រូវពង្រឹងនូវគុណភាពដើម្បីអាចនាំទៅប្រកួតប្រជែងក្រៅប្រទេស។
លោកបានប្រាប់អ្នកសារព័ត៌មានថា «ក្នុងរយៈពេលជាង៣ទស្សវត្សមកយើងឃើញថាការកើននៃការផលិតការដួលរលំហើយការកើតឡើងវិញហើយការដួលរលំម្ដងហើយម្ដងទៀតអ៊ីចឹងអាវដ្តដំណើរវិស័យរបស់យើងហ្នឹងគឺជាបទពិសោធន៍មួយដែលធ្វើឱ្យយើងខ្ញុំក្នុងពេលនេះយើងគិតគូរពីការពង្រឹងនូវគុណភាពបន្ថែមទៀតដើម្បីធ្វើឱ្យការវិវត្តន៍របស់យើងអាចមានការវិត្តន៍ដោយនិរន្តភាព»។
ប្រធានសមាគមភាពយន្តកម្ពុជាលោក ឆាយ បូរ៉ា មានប្រសាសន៍ថា មានបញ្ហាមួយចំនួនដែលធ្វើឱ្យការផលិតកុននៅកម្ពុជាមិនទាន់អាចឈានដល់ទីផ្សារក្រៅប្រទេសបានដោយសារកត្តាមយយចំនួនដូចជាការខ្វះការទំនាក់ទំនងជាមួយអ្នកផលិតនៅក្រៅប្រទេស រួមទាំងការខ្វះទុនវិនិយោគពីរដ្ឋនិងឯកជនដល់ការផលិតភាពយន្ត។
លោកថា «យើងនឹងលើកក្នុងអង្គសិក្ខាសាលាហើយ ក្នុងនាមសមាគមយើងនឹងធ្វើលិខិតជាផ្លូវការទៅរាជរដ្ឋាភិបាលទៅលើចំណុចសំខាន់ៗដែលយើងចាំបាច់ត្រូវឱ្យរាជរដ្ឋាភិបាលលោកដឹងលោកជួយក្នុងវិស័យនេះ»។
រដ្ឋលេខាធិការក្រសួងវប្បធម៌លោក សោម សុគន្ធ មានប្រសាសន៍ថាដោយជំរុញដល់ឱ្យមានការគិតគូរនិងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញគាំពារ និងលើកទឹកចិត្តបន្ថែមទៀតដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្តទាំងការសម្របសម្រួលលើការអនុញ្ញាច្បាប់ ទីតាំងសាធារណៈរបស់រដ្ឋ និងការអនុគ្រោះកាតព្វកិច្ចពន្ធដារផ្សេងៗ ដោយផ្តោតយកចិត្តទុកដាក់សំខាន់លើកការលើកម្ពស់គុណភាពនៃផលិតករភាពយន្តក្នុងស្រុកដើម្បីអាចបើកផ្លូវឱ្យភាពយន្តកម្ពុជាអាចប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសបាន។
គួរឱ្យដឹងផងដែរថា ដើម្បីជាការលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារការព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារមួយចំនួនដល់ផលិតករភាពយន្តក្នុងស្រុករហូតដល់ឆ្នាំ២០២៨។
របាយការណ៍ក្រសួងវប្បធម៌បានបង្ហាញថាបន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ បច្ចុប្បន្នការផលិតភាពយន្តក្នុងស្រុកមានការកើនឡើងដែលមានប្រមាណពី២០ ទៅ៣០រឿងក្នុងមួយឆ្នាំដើម្បីចាក់បញ្ចាំងតាមរោងកុន ខណៈបច្ចុប្បន្នមានរោងភាពយន្តចំនួន២៥បើកដំណើរការទូទាំងប្រទេសដែលមាន ១១៤បន្ទប់បញ្ចាំង ឬស្មើរនឹង ១៨ ៩០០កៅអី និងមានចំនួនអ្នកទស្សនាប្រមាណ៣លាននាក់ក្នុងមួយឆ្នាំ៕