ខេត្តមណ្ឌលគិរី÷ សកម្មភាពកាប់និងដឹកជញ្ជូនឈើ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមាបាននិងកំពុងកើតមានជាធម្មតាក្រោមខ្សែភ្នែករបស់ពួកមន្ត្រីបរិស្ថាន។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកឆៅ ប៊ុនធឿន មិនខ្វល់ចំពោះបញ្ហាបទល្មើស ដែលកំពុងកើតមានឡើងនៅក្បែរច្រមុះរបស់ខ្លួននៅឡើយ។ ផ្ទុយទៅវិញលោកកំពុងសម្រុកធ្វើផ្ទះនៅទីរួមខេត្តមណ្ឌលគិរី។ ដូច្នេះលោកប្រធានមន្ទីរត្រូវសន្សំកាក់ល្អិតដើម្បីបង្ហើយផ្ទះឲ្យលឿនរហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន។
នាយកស្ដីទីដែនជម្រកសត្វព្រៃកែវសីមា លោកស៊ិន សត្ថា ដែលឡើងពីឧទ្យានុរក្ស មកជាប្រធានការិយាល័យស្ដីទីធ្លាប់និយាយថា លោកប្រឹងប្រែងណាស់ក្នុងការការពារធនធានធម្មជាតិនៅតំបន់កែវសីមានេះ។ ប៉ុន្តែក្នុងទិដ្ឋភាពជាក់ស្ដែងគឺបទល្មើស បាននឹងកំពុងកើត ឡើងយ៉ាងងគគ្រឹកគគ្រេង ដោយមិនឃើញមានការបង្ក្រាបពីមន្ត្រីបរិស្ថាននោះឡើយ។ ជាក់ស្ដែងបទល្មើសនៃការកាប់និងដឹកជញ្ជូនឈើនៅក្បែរស្នាក់ការបរិស្ថានដូចឈ្មួញឈ្មោះ មួក កំពុងធ្វើឲ្យមានការចាប់អារម្មណ៍និងហាក់ដូចជាផ្ទុយពីការអះអាងរបស់លោកស៊ិន សត្ថា នោះទៅវិញ ។ រូបភាពវីដេអូដែលត្រូវបានចែករំលែកគឺគេដឹងថា ឈ្មួញឈ្មោះតា មួក កំពុងទម្លាក់ដុំឈើចេញ ពីរថយន្តនៅក្នុងមូលដ្ឋានភូមិពូគង់ នៃស្នាក់ការបរិស្ថានស្រែឈូកនៃដែនជម្រកសត្វព្រៃកែវសីមា។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមួកគឺជាសកម្មជនក្នុងការកាប់និងដឹកឈើនៅតំបន់ដែនជម្រកសត្វព្រែកកែវសីមា ក្រោមការគ្រប់គ្រងរបស់លោកស៊ិនសត្ថា។ ថ្មីៗនេះក្រៅពីតាមួក ក៏មានឈ្មួញផ្សេងទៀតធ្វើ សកម្មភាពនៅតំបន់ជិតៗថ្នាក់ស្រែឈូកនោះដែរ ហើយគេក៏មិនឃើញលោកសត្ថា ចាត់កម្លាំងឲ្យចុះបង្ក្រាបនោះដែរ។ ប៉ុន្មានថ្ងៃកន្លងមកនេះនៅក្បែរស្នាក់ការរងអូរាំង ក៏មានសកម្មភាព នៃការដឹកជញ្ជូនឈើរបស់ឈ្មួញស្រីចែសក់ក្រហមនោះដែរ។ គេមិនឃើញ លោក ស៊ិន សត្ថា ចាត់កម្លាំងចុះបង្ក្រាបនោះដែរ។ នៅឯស្នាក់ការបរិស្ថានស្រែឈូក ក្រោមការដឹកនាំគ្រប់គ្រងដោយលោកញឹម តុលា ត្រូវប្រភពខ្សិបថា សកម្មភាពកាប់និងដឹកជញ្ជូនឈើកើតឡើងជាចំហរព្រោះមិនសូវមានអ្នកកាសែតឬសកម្មជនព្រៃឈើនិងសមត្ថកិច្ចទៅដល់នោះទេ។
ប្រភពព័ត៌មាននរាយការណ៍ថា មេឈ្មួញឈ្មោះមួក កំពុងគគ្លើនព្រោះគ្មាននរណាបង្ក្រាប ដោយឈ្មោះមួក នេះកំពុងគៀរគរពលរដ្ឋភូមិសាស្ត្រភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ឱ្យចូលកាប់និងដឹកជញ្ជួនឈើឃ្លុំធំៗតាមច្រក៣៦ ឆ្ពោះទៅភូមិប៉ោដើមស្វាយ យ៉ាងមមាញឹក។ គេថា សកម្មភាពកាប់ឈើឃ្លុំធំៗរបស់តាមួកមិនមែនត្រឹមតែជាឆ្នាំបាយរបស់លោកញឹម តុលា និងមេៗនាយកស្ដីទី នៃជម្រកសត្វព្រៃកែវសីមា លោកស៊ិនសត្ថា និងលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែទំហំឈើនោះវាបំពេញសេចក្តីត្រូវការក្លាយជាភាពមានបានរបស់ពួកមន្ត្រីបរិស្ថានទាំងនេះ។គេថា បើត្រឹមតែបាយទទួលទាន៣ពេល របស់ពួកមន្ត្រីបរិស្ថានដែលស៊ីប្រាក់ខែរដ្ឋនោះ មិនបាច់បិទភ្នែកបត់
ដុំដៃឲ្យមានបទល្មើសកាប់និងដឹកឈើនោះទេ។
មិនយូរមិនឆាប់ក្រោមការដឹកនាំរបស់លោកនាយកស្ដីទីដែនជម្រកសត្វព្រៃ កែវសីមា ស៊ិន សត្ថា ព្រៃក្នុងដែនអភិរក្សនិងក្លាយជាវាល ចម្ការអស់មិនខាន។ គួបផ្សំនឹងការដឹកនាំខ្សោយ,គ្មានការទទួលខុសត្រូវរបស់លោកប្រធានមន្ទីរបរិស្ថាន ឆៅ ប៊ុនធឿន ទៀតនោះ ព្រៃឈើដែលសេសសល់នឹងរលាយហិនហោចឆាប់ៗ មិនខានឡើយ។ រីឯអ្នកមានបាន យ៉ាងហោចណាស់ក៏លោកប្រធានមន្ទីរអាចសង់ផ្ទះរួចដែរ។ រីឯលោកនាយកស្ដីទីដែលជម្រកសត្វព្រៃកែវសីមា បានត្រឹមឆ្លើយថា លោកមិនដឹងទេ។ រីឯអ្នកដែលទទួលបន្ទុកផ្ទាល់ គឺលោកញឹមតុលា…ធ្វើមិនដឹងមិនឮគឺរួចខ្លួន៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299