យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកថ្មីរបស់ប្រទេសចិន គឺយន្តហោះ C919 បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែធ្នូ។
យន្តហោះ C919 បានហោះហើរពាណិជ្ជកម្មលើកដំបូងនៅក្នុងខែឧសភា ហើយវាគឺជាគន្លឹះនៃមហិច្ឆតាជាច្រើនទសវត្សរ៍របស់រដ្ឋធានីប៉េកាំង ក្នុងការប្រកួតប្រជែងជាមួយនឹងគូប្រជែងលោកខាងលិច លើវិស័យអាកាសចរណ៍ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើបច្ចេកវិទ្យាបរទេស។ អាជ្ញាធរចិនសង្ឃឹមថា យន្តហោះដែលមានរាងតូចច្រឡឹង និងរចនាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋ COMAC នេះ នឹងប្រកួតប្រជែងជាមួយម៉ូដែលបរទេសដូចជា Boeing ៧៣៧ MAX និង Airbus A៣២0 ជាដើម។
យន្តហោះ C៩១៩ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង នឹងហោះហើររំលងកំពង់ផែ Victoria របស់ទីក្រុងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ មេដឹកនាំហុងកុងលោក ចន លី (John Lee) បានសាទរចំពោះការអភិវឌ្ឍរបស់យន្តហោះ C919 និង ARJ21 ថាជាព្រឹត្តិការណ៍សំខាន់នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន ដោយបន្ថែមថា យន្តហោះ C919 បានទទួលការបញ្ជាទិញជាង១ពាន់គ្រឿង។ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនលើយន្តហោះដែលផលិតក្នុងស្រុក ខណៈរដ្ឋធានីប៉េកាំងព្យាយាមកាត់បន្ថយការពឹងផ្អែកលើបរទេសនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ប៉ុន្តែផ្នែកជាច្រើនរបស់យន្តហោះ C919 ត្រូវបាននាំចូលពីបរទេស។
យន្តហោះនេះទទួលបានវិញ្ញាបនប័ត្រជាផ្លូវការក្នុងការហោះហើរកាលពីឆ្នាំមុន បន្ទាប់ពីការអភិវឌ្ឍជាងមួយទសវត្សរ៍ ប៉ុន្តែមិនទាន់ទទួលបានអតិថិជនអន្តរជាតិណាមួយបាននៅឡើយទេ។ អ្នកយកព័ត៌មាន និងភ្ញៀវកិត្តិយស ត្រូវបានអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះ ដោយរយៈពេលពីរថ្ងៃបន្ទាប់ត្រូវបានបម្រុងទុកសម្រាប់ការទស្សនាពីតំណាងសហគមន៍មូលដ្ឋាន។ យន្តហោះ C919 នឹងហោះហើរជុំវិញទីក្រុងហុងកុងពីរដងនៅព្រឹកថ្ងៃសៅរ៍ ប្រសិនបើអាកាសធាតុអំណោយផល៕