សង្គម

ប្រព័ន្ធសម្ពាធទាប​មួយនឹង​អូស​បន្លាយ​នៅ​ភាគ​ខាងជើងកម្ពុជា, ក្រសួងស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា នៅ​ថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធ​សម្ពាធទាប​នឹង​អូស​បន្លាយ​ឆ្លង​កាត់​លើ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ដែល​ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពីមធ្យម​ទៅច្រើន។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ហើយ​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពីមធ្យម​ទៅច្រើន។

ជាមួយ​នឹង​ស្ថានភាពនេះ ក្រសួងស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើត​មាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល។

ដោយ​ឡែក​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នក​នេសាទ និង​អ្នក​ដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា៕