ខេត្តបន្ទាយមានជ័យ ៖ ទំនងជាពលរដ្ឋរស់នៅខេត្ដបន្ទាយមានជ័យ លែងត្រូវការនិងអស់ជំនឿ ទៅលើលោក អ៊ុំ រាត្រី ចៅហ្វាយខេត្តនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ដបន្ទាយមានជ័យ ដឹកនាំបន្តទៅទៀតហើយមើលទៅ បានជាមានពលរដ្ឋរាប់រយគ្រួសារ រស់ នៅក្នុងភូមិចំនួនពីរ គឺភូមិចាន់គីរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជានាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងស្នើសុំទៅក្រសួង មហាផ្ទៃ ឱ្យផ្លាស់ប្ដូរតួនាទីមុខតំណែងអស់លោកទាំងពីរនាក់នេះ។
មិនដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល យល់ឃើញយ៉ាងណាទេ នៅពេលនេះ ប្រហែលជាប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យរស់នៅរងទុក្ខលំបាកវេទនាខ្លាំងណាស់ហើយ មើលទៅ បានជានាំគ្នារាប់រយគ្រួសារផ្ដិតមេដៃ ប្ដឹងទៅក្រសួង មហាផ្ទៃ ស្នើសុំឲ្យផ្លាស់ប្តូរតួនាទីបច្ចុប្បន្នរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ដនិងតួនាទីបច្ចុប្បន្នរបស់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ដបន្ទាយមានជ័យ។ បើសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មិនចេញមុខជួយដោះស្រាយបញ្ហាវិវាទជូនពលរដ្ឋទេ គឺគ្មាននរណាម្នាក់អាចមាន លទ្ធភាពជួយដល់ពលរដ្ឋបាននោះឡើយ។
សព្វថ្ងៃនេះ ជម្លោះវិវាទដីធ្លីនៅក្នុងខេត្ដបន្ទាយមានជ័យ កំពុងក្លាយទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយទាំងអស់។ ពោលគឺថ្នាក់ដឹកនាំខេត្តមិនអាចដោះស្រាយជូនដល់ពលរដ្ឋនោះទេ ប្រហែលជាម្នាក់ៗ សុទ្ធសឹងតែជាប់ពាក់ព័ន្ធនិងផលប្រយោជន៍ហើយមើលទៅ ពីព្រោះរឿងខ្លះដោះស្រាយ ១០ ទៅ ២០ឆ្នាំហើយ នៅតែមិនចេញ ហើយអ្វីដែលសំខាន់នោះ គឺពលរដ្ឋនៅតែរងគ្រោះជាបន្តបន្ទាប់។
យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋជាង ១០០ គ្រួសារខាងលើបានសរសេរថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពល រដ្ឋ ២ភូមិ មានចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ សូមគោរពជម្រាបជូនលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
កម្មវត្ថុ ៖ស្នើសុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តនិងលោក ង៉ោ ម៉េងជ្រួន អភិបាល រងខេត្តបន្ទាយមានជ័យ ដែលអសមត្ថភាពក្នុងការដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញចាប់ប្រជាពលរដ្ឋដាក់គុកនិងសកម្មភាព បំពានច្បាប់ជាអាទិ៍។ តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តមអភិសន្ដិបណ្ឌិត មេត្តាជ្រាបថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ មានវិវាទទំនាស់ដីធ្លី ជិត ២០ឆ្នាំមកហើយ ប៉ុន្តែមិនមានអាជ្ញាធរជួយដោះស្រាយនោះទេ។
ជាពិសេសគឺអាណត្តិលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីមួយចំនួនទៀត មិនអើពើដោះស្រាយបញ្ហាជូនយើងខ្ញុំ បែរជាឃុបឃិតគ្នាអោយតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានលោក ឳក សុផាន រួមទាំងបក្ខពួក ឃុបឃិតគ្នាដើរធ្វើទុក្ខបុកម្នេញគំរាមសម្លុត និងចាប់ប្រជាពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឲ្យយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅបានសុខនោះឡើយ។
មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានរៀបចំឲ្យលោក សេង ចាន់ឌី មេភូមិចាន់គិរី យកដីប្រជាពលរដ្ឋទៅលក់ឲ្យអ្នកផ្សេងៗ ធ្វើមាន ធ្វើបាន តាមតែទំនើងចិត្ត ហើយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះរៀបចំ សម្របសម្រួលដោះស្រាយដើម្បីបញ្ចប់វិវាទ រវាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាងពីរទសវត្ស នៅលើទីតាំងដីទំហំ១៧២ ហិកតា។ ក្រោយពេលដែលមានលិខិតនេះរួចមក ក៏មានប្រជាពលរដ្ឋចូលរួមធ្វើការដោះ ស្រាយ ប៉ុន្តែការដោះ ស្រាយនេះពុំមានភាពយុត្តិធម៌ និងតម្លាភាពនោះទេខាង ខេត្តបានចាត់តាំងតំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិឲ្យយើងខ្ញុំជាប្រជាពលរដ្ឋ បែងចែកដីដែលយើងខ្ញុំកំពុងរស់នៅជាពីរចំណែក ជាមួយពួកគាត់ ទៅតាមទំហំដីជាក់ស្ដែងរបស់យើងខ្ញុំ។ ការដោះស្រាយមួយបែបទៀត គឺឲ្យប្រជាពលរដ្ឋធ្វើលិខិតសះជា ជាមួយពួកគាត់ ហើយតម្រូវអោយបង់លុយទៅ សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅ ១២ដុល្លារ តាមទំហំដីកាន់កាប់ជាក់ស្ដែង ដោយសន្យានឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ចំពោះប្រជាពលរដ្ឋដែលមិនព្រមបែងចែកដីរបស់ខ្លួនជា ២ចំណែក ជាមួយខាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ឬមិនព្រមបង់លុយក្នុង១ម៉ែត្រការេ ពី ១០ដុល្លារ ទៅ ១២ដុល្លារនោះ គឺត្រូវបានអាជ្ញាធរខេត្តលោក ង៉ោ ម៉េងជ្រួន និងបក្ខពួក គំរាមសម្លុត ប្ដឹងទៅតុលាការ ចាប់ដាក់គុកជាហូរហែរហូតដល់បច្ចុប្បន្ន៕
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299