រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាដាំដើមត្នោតដែលជារុក្ខតំណាងជាតិកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកឡើងថា ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា។ ស្ករត្នោតដែល បានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពល ជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត ជាក់ស្តែង ដើម្បីងាយស្រួល ក្នុងការប្រមូលផលថែមទៀត នោះគឺយើងដាំជាជួរ ដោយមានគម្លាត ៤ម៉ែត្រ ១ដើម ឡើងតែ ១ដើមអាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានកាន់តែល្អប្រសើរ។ លើសពីនេះ សោភ័ណភាព នៃការដាំជួយឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ៕