កាលពីថ្ងៃទី៦ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជាបានទទួលការគាំទ្រជាបន្តទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្ដល់ដូសជំរុញនៃវ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយយូនីសេហ្វ។
នៅក្នុងពិធីប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្ដាល នាយិកាបេសកកម្មរបស់ USAID លោកស្រី Kerry Pelzman បានប្រគល់ជាផ្លូវការនូវវ៉ាក់សាំងជូនដល់លោកជំទាវវេជ្ជបណ្ឌិត យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។ អំណោយនេះបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារទ្បើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។”
ចាត់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រឥតប្រែប្រួលដល់កម្មវិធីផ្ដល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។ លទ្ធកម្មវ៉ាក់សាំង និងការដឹកជញ្ជូនតាមរយៈយន្តការកូវ៉ាក់ គឺជាការងារដ៏សំខាន់នៅក្នុងការធ្វើលទ្ធកម្ម និងការដឹកជញ្ជូនចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក។
លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ បានមានប្រសាសន៍ថា៖ “យូនីសេហ្វមានមោទនភាពក្នុងការចូលរួមក្នុងភាពជាដៃគូនេះ ដែលតាមរយៈភាពជាដៃគូ មានកុមារ និងគ្រួសាររបស់ពួកគេជាច្រើនបានទទួលផលប្រយោជន៍ពីវ៉ាក់សាំង។ រួមជាមួយនឹងដៃគូនានាដូចជាសហរដ្ឋអាមេរិក យើងនៅតែបន្តការប្ដេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពង្រឹងការថែទាំសុខភាពបឋមប្រកបដោយសមធម៌ ឆ្ពោះទៅរកការគ្របដណ្ដប់ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបនៅកម្ពុជា។”
ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំងរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលមានអត្រាទទួលវ៉ាក់សាំងកូវីដ-១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយនៃប្រជាពលរដ្ឋរបស់ប្រទេសនេះ ដែលមានអាយុលើសពីបីឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ។
ការគាំទ្ររបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឲ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិតអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីការងារកូវីដ-១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃ សេវាថែទាំសុខភាពទូទៅ។ ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បី បង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត៕