សង្គម

រដ្ឋាភិបាលឱ្យបន្ថែមថវិកាប្រមាណ១ពាន់ដុល្លារក្នុង១ខែដល់គណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់

រដ្ឋាភិបាលបានសម្រេចផ្ដល់ថវិការចំនួន៤លានរៀល ឬស្មើនឹងប្រមាណ១ពាន់ដុល្លារ ក្នុងមួយខែដល់គណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការងាររបស់ខ្លួន។ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លោក ឈឹម ផលវរុណ បានបញ្ជាក់ថាការធ្វើបែបនេះដើម្បីសម្រួលដល់ការងារសមាជិកដែលនឹងផ្ដល់ធាតុចូលយ៉ាងសំខាន់សម្រាប់រដ្ឋាភិបាល។

នៅព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រជុំដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ដោយចំណាយពេលប្រមាណ៤ម៉ោង។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅវិមានសន្ដិភាព លោក ឈឹម ផលវរុណ បានលើកឡើងថា ក្នុងកិច្ចប្រជុំនោះសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនៅក្រៅសភា និងការជួយលើកស្ទួយដល់រដ្ឋាភិបាលអាណត្តិថ្មីឱ្យបានល្អប្រសើរ។ ក្នុងនោះដែរសម្ដេចធិបតីបានបញ្ជាក់ថាក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មិនមែនជាការប្រកួតប្រជែងនយោបាយនោះទេ តែជាការផ្ដល់នូវគំនិតក្នុងការលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយរបស់រដ្ឋាភិបាល។

លោកបានថ្លែងថាចាប់ពីអាណត្តិថ្មីនេះគណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងទទួលបានថវិកា៤លានរៀលដែលស្មើនឹង១ពាន់ដុល្លារអាមេរិកដល់គណបក្សនីមួយៗសម្រាប់ការងាររបស់ខ្លួនដោយគ្មានការត្រួតពិនិត្យពីការចាយវាយនេះនោះទេ។

លោកបញ្ជាក់ថា៖ «គឺយើងអត់ពិនិត្យថាយកលុយនេះទៅធ្វើអីទេគឺយើងគ្រាន់តែរង់ចាំនូវសមិទ្ធផលរបស់ប្រតិភូគណបក្សនីមួយៗ»។

លោកបញ្ជាក់លទ្ធផលការងាររបស់គណបក្សនីមួយៗនៃឧត្តមក្រុមប្រឹក្សានេះគឺតាមរយៈការរាយការណ៍នូវទស្សនៈទាន ឬសំណូមពរ ឬអ្វីដែលពួកគេមើលឃើញជាក់ស្ដែងតាមការងារ។

គួរឱ្យដឹងដែរថាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្រោយការបោះឆ្នោតអាណត្តិទី៦ ដើម្បីទទួលធាតុចូលពីគណបក្សក្រៅរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។

លោក ឈឹម ផលវរុណ បានលើកឡើងថាកាលពីអាណត្តិមុនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានធ្វើការងារជាច្រើនដែលគួរឱ្យកត់សម្គាល់ ការចុះបេសកកម្មសិក្សាពីទំនាស់នានារបស់ប្រជាពលរដ្ឋជាពិសេសបញ្ហាដីធ្លី និងបញ្ហាប្រជាជនផ្សេងទៀត ថែមទាំងបានដាក់របាយការណ៍ផ្ញើជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យដោះស្រាយផងដែរ។

បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានគណបក្សជាសមាជិកចំនួន២៧គណបក្សដែលមានប្រតិភូ៦នាក់ក្នុងមួយគណបក្សទទួលបានប្រាក់ខែតាមតួនាទីដែលបានផ្ដល់ឱ្យដូចជាមន្ត្រីរដ្ឋាភិបាលផងដែរ។

ឆ្លើយតបនឹងការរិះគន់ថាការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះគ្រាន់តែបង្ហិនថវិកាជាតិលោក ឈឹម ផវរុណ បានលើកឡើងថានេះជាសិទ្ធិរបស់ពួកគេ តែអ្វីដែលជាតម្លៃការងារផ្ទាល់គឺមិនដូច្នោះទេ។ លោកថា ការរួមគំនិតគ្នាកសាងជាតិ និងបង្រួបបង្រួមជាតិគឺជាអ្វីដែលសំខាន់។

លោកថា៖ «ប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងបណ្ដាប្រទេសនានាជឿនលឿនគឺគេពង្រីកពហុបក្សហ្នឹងឱ្យជាប្រយោជន៍នៃការបណ្ដុះគំនិតនិងការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍប្រទេស។ ហើយផលប្រយោជន៍កាលណាចរន្តនយោបាយខុសៗគ្នាចូលរួមក្នុងការផ្ដល់ធាតុចូល អាហ្នឹងជាការបង្រួបបង្រួមជាតិនិងការការរួមចំណេកកសាងប្រទេសជាតិហ្នឹងឯង។ អ៊ីចឹងយើងថ្លឹងជាមួយការរួមចំណែកកសាងប្រទេសជាតិតាមរយៈការផ្ដល់ជាតុចូលហ្នឹងថាតើការងារហ្នឹងវាសមាមាត្រនឹងលុយដែលយើងចំណាយឬអត់? យើងអាចគុណចែកទៅឃើញហើយត្រង់ថាការវាយតម្លៃរបស់បុគ្គលម្នាក់ៗឬនិន្នាការនីមួយៗយើងមិនអាចបិទមាត់គេទេ»។

បើតាមលោក ឈឹម ផលវរុណ ឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់នៅតែទទួលស្វាគមន៍គណបក្សនយោបាយផ្សេងទៀតដែលចង់ចូលរួម ខណៈបច្ចុប្បន្នមានគណបក្សជាសមាជិកចំនួន២៧រួចទៅហើយ។

គួរឱ្យដឹងផងដែរថាមានគណបក្សនយោបាយចំនួន៤០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងនោះ១៨គណបក្សបានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣។ ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ខណៈថវិកាសម្រាប់ចំណាយទៅលើឧត្តមក្រុមប្រឹក្សានេះត្រូវដាក់ក្នុងកញ្ចប់ថវិកាជាតិក្នុងខ្ទង់ចំណាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៕