សង្គម

បើកដំណើរការវិញហើយ បនល្បែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ មាន់ជល់ហាយឡាយ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ តាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបានអោយដឹងថា មានបនល្បែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងវិហារអ៊ីស្លាម ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកមានល្បែងឡើងវិញហើយ។ បន្ទាប់ពីត្រូវបានទីតាំងបនល្បែងមួយកន្លែងនោះ ត្រូវបានអាជ្ញាធរ ខណ្ឌឫស្សីកែវ ចុះបង្ក្រាប កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយដកហូតបានវត្ថុតាងមួយចំនួន និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ចាត់ការទៅតាមនីតិវិធីច្បាប់។

ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌឬស្សីកែវនោះទេ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់ច្រាំងចំរេះ១ នឹងលោកអធិការខណ្ឌឬស្សីកែវស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ទេទើបអាចបង្ក្រាបបានមើលទៅ។

ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌឬស្សីកែវ ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងករណីទីតាំងបនល្បែងដុះស្លែរខាងលើ លោកហ៊ាងថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាយ៉ាងខ្លីថា ខ្ញុំជាប់ប្រជុំបនិ្តច ចាំខ្ញុំទៅវិញ។

ទោះយ៉ាងណាក៏ដោយ មហាជនស្នើរសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299