សង្គម

រកឃើញឱសថក្លែងក្លាយចំនួន ៦មុខមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

ក្រសួងសុខាភិបាលរកឃើញឱសថក្លែងក្លាយចំនួន ៦មុខ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ ក្នុងខេត្តកំពង់ចាម។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលថ្មីៗនេះ មន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្កាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រសួងសុខាភិបាលបញ្ជាក់ថា នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៏សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន ៦មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា NUTRIENT CALCIUM Tablet, NUTRIENT CALCIUM Capsule M. NUTRIENT ANTACID Tablets, SYMPTOMS, CONSTIPAION និងថ្នាំបន្តក់ភ្នែក EYE PLUS។

យោងតាមលទ្ធផលវិភាគគុណភាព របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារ ធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។

ក្រសួងសុខាភិបាលបានចាត់វិធានការ និងការណែនាំដោយបានបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវីធីតាមផ្លូវច្បាប់ និងស្នើសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Telegram និង Youtube ព្រោះឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលណែនាំឱ្យសាធារណជនរកទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជីកាពី ក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់ ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ៕