ក្រសួងសុខាភិបាលកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ (៣០វិច្ឆិកា) បានណែនាំដល់មនុស្សចាស់ កុមារ និងអ្នកទាំងឡាយណាដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសចិនដោយសារការកើនឡើងជំងឺផ្លូវដង្ហើមនាពេលថ្មីៗនេះនៅប្រទេសចិន។
អង្គការសុខភាពពិភពលោក(WHO) កាលពីសប្តាហ៍មុន បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតទៅលើការផ្ទុះឆ្លងជំងឺផ្លូវដង្ហើមនៅប្រទេសចិន ដែលមន្ត្រីអង្គការសុខភាពពិភពលោកម្នាក់បានលើកឡើងថា តួលេខអ្នកឆ្លងជំងឺផ្លូវដង្ហើមនៅប្រទេសចិននៅពេលនេះមិនខ្ពស់ដូចមុនពេលផ្ទុះឆ្លងជំងឺកូវីដ១៩ឡើយ។
កោះតៃវ៉ាន់ មានការបារម្ភពីការផ្ទុះឆ្លងជំងឺនៅក្នុងប្រទេសចិន ចាប់តាំងពីផ្ទុះជំងឺសារ(SARS) ដែលចាប់ផ្តើមឡើងនៅប្រទេសចិន ហើយបានសម្លាប់មនុស្សជិត៨០០នាក់ទូទាំងពិភពលោកនៅរវាងឆ្នាំ២០០២ដល់ឆ្នាំ២០០៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នោះ ក្រសួងសុខាភិបាលកោះតៃវ៉ាន់បានលើកឡើងថា ដោយសារការផ្ទុះឆ្លងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន ដូច្នេះមនុស្សចាស់ កុមារនិងអ្នកទាំងឡាយដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រដ្ឋសូមស្នើមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិនប្រសិនបើមិនចាំបាច់។
ប្រសិនបើការធ្វើដំណើរជាការចាំបាច់ដូច្នេះ អ្នកទាំងឡាយគួរចាក់វ៉ាក់ស៊ាំងជំងឺផ្តាសាយ និងវ៉ាក់ស៊ាំងជំងឺកូវីដ មុនធ្វើដំណើរទៅកាន់ប្រទេសចិន។
លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានលើកឡើងនៅថ្ងៃពុធថា ការកើនឡើងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិនគឺជាបញ្ហាធម្មតាដែលប្រទេសទាំងអស់ប្រឈម ហើយអាជ្ញាធរចិនបានគ្រប់គ្រងបញ្ហានេះបានប្រកបដោយប្រសិទ្ធិភាព៕