ស្ត្រីជនជាតិវៀតណាមមានឈ្មោះថា ហួ កុកអាញ Hua Quoc Anh (ភេទទី៣) ទំនងអាចត្រូវរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់មិនឱ្យជាន់ដីស្រុកខ្មែររយៈពេល១០ឆ្នាំ ក្រោយបានមកថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមទិកតុក TikTok និងហ្វេសប៊ុក បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងដូនតាខ្មែរ។
លោក ប្រាក់ ចាន់ដា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានប្រាប់កាសែត Vn Express កាលពីចុងសប្តាហ៍កន្លងទៅនេះថា អាជ្ញាធរកម្ពុជាកំពុងគិតគូរពិចារណា លើការដាក់ពិន័យស្ត្រីម្នាក់ ដែលបានបង្ហោះវីដេអូប៉ះពាល់ដល់អង្គរវត្តខ្មែរ ដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ហាមមិនឱ្យចូលមកកម្ពុជារយៈពេល១០ឆ្នាំ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បន្តលើកឡើងថា ការធ្វើដូច្នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ មុខមាត់កម្ពុជា ជាពិសេសវិស័យទេសចរណ៍។ បើតាមច្បាប់ ស្ត្រីវៀតណាមរូបនេះ ត្រូវទទួលទោសក្រោមច្បាប់កម្ពុជា ដោយហេតុថា ទង្វើខុសឆ្គងរបស់ខ្លួនដែលបានថតវីដេអូនោះ គឺធ្វើឡើងនៅក្នុងទឹកដីកម្ពុជា។ វៀតណាមមិនអាចដាក់ទោសទណ្ឌលើស្ត្រីឈ្មោះ ហួ កុកអាញ នោះបានទេ។
គួររំឭកថា ក្រោយវីដេអូត្រូវបានចែកចាយនៅថ្ងៃ២៣តុលា ការរិះគន់ពីប្រជាជនកម្ពុជាបានកើនឡើងដូចទឹកបាក់ទំនប់ រហូតដល់ក្រសួងវប្បធម៌ និងអាជ្ញាធរអប្សរា ចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្ម ថា មានចេតនាអុចអាល ចង់បំពុលសង្គមកម្ពុជា។ អាជ្ញាធរអប្សរា នៅថ្ងៃទី១២វិច្ឆិកា បានប្រកាសថា វីដេអូនោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។ យ៉ាងណានៅមិនយូរប៉ុន្មានក្រសួងពាក់ព័ន្ធបានស្នើទៅកាន់ក្រុមហ៊ុនបណ្តាញសង្គមទិកតុក ដើម្បីដកវីដេអូនោះចេញពីវេទិការបស់ខ្លួន ដើម្បីបញ្ចៀសការយល់ខុសក្នុងភ្នែកភ្ញៀរទេសចរអន្តរជាតិ។ ក្រោយមក គណនីរបស់ស្ត្រីរូបនោះ ក៏ត្រូវបានគេបិទផងដែរ៕