សង្គម

WHO ៖ ប្រជាជនកម្ពុជាក្នុងមួយឆ្នាំជិត ៦ម៉ឺននាក់បានស្លាប់ដោយសារទឹកនោមផ្អែម និងជំងឺផ្សេងទៀត

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦០ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង ៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ នេះបើតាមការឱ្យដឹងពី «ទិវាជំងឺទឹកនោមផ្អែមពិភពលោក» ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។

លោករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងថានៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់ ៩,៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។

បើតាមការបញ្ជាក់ឱ្យដឹងពីអង្កការសុខាភិបាលពិភពលោក ជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន ១,៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម ៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩ នៅទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារដែលមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទម្លាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។

បើតាមលោក ឈាង រ៉ា ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។

លោកគូសបញ្ជាក់ថា ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជំរុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅសម្រាប់ការបង្ការការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕