(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ ទូទាំងប្រទេសកម្ពុជា មានឱកាសជួបជុំគ្នា ធ្វើបុណ្យទាននាពេលនេះ គឺដោយសារ យើងបានរស់រានមានជីវិត និងមានសន្តិភាព ពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិក សន្តិភាព គឺសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង មហាឧបាសិកា ពុទ្ធនូបត្ថមក៍ សន ពិន លោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ លី សុីណៃ ព្រមទាំងបុត្រាបុត្រី លោកម៉ុន សារឿន និងលោកស្រី ហ៊ុន ម៉ោញ ព្រមទាំងបុត្រ សាច់ញាតិជិតឆ្ងាយ បានផ្តួចផ្តើម ធ្វើបុណ្យកាន់អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តវត្តបុទុម្ពរ ហៅវត្តសៀមបោយ ស្ថិតនៅក្នុងភូមិសៀម ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
កឋិនទានបានចាប់ផ្តើម ក្រុងពាលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា នារសៀលថ្ងៃសៅរ៍ ០៦កើត ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលារសៀលម៉ោង២.០០នាទី នៅគេហដ្ឋាន របស់លោកឧត្តមសេនីយ៍ទោ ម៉ុន មាគា៍ និងលោកជំទាវ លី សុីណៃ ក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លុះវេលាព្រឹកម៉ោង៦.០០នាទីថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា និងលោកជំទាវលី សុីណៃ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានទៅកាន់វត្ត វត្តបុទុម្ពរ ហៅវត្តសៀមបោយ ដោយបានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោម៉ុន មាគា៍ និងលោកជំទាវ បានពិនិត្យមើលសមិទ្ធិផលនានានៅក្នុងវត្ត ព្រមទាំងសម្តែងការកោតសរសើរដល់ព្រះសង្ឃ និងថ្នាក់ដឹកនាំខេត្ត ស្រុក និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យសន្សំបច្ច័យ នឹងពិធីរបុណ្យផ្សេងៗទៀតជាច្រើន ដែលព្រះសមាសម្ពុទ្ធបានបញ្ញាត្តិទុក ជាតំណរៀងមក។
សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាននេះ សរុបចំនួន ១០៥ លានរៀល និង១០០០ដុល្លារ ដោយប្រគេនជូនវត្តបុទុម្ពរ ហៅវត្តសៀមបោយ ចំនួន៨១លានរៀល វត្តព្រែចារក្នុង ចំនួន៥លានរៀល វត្តព្រៃចារក្រៅ ចំនួន៥លានរៀល វត្តបាទី ចំនួន៥លានរៀល វត្តព្រៃស្វាយ ចំនួន៩លានរៀល និង១០០០ដុល្លារ ព្រមទាំងបច្ច័យមួយចំនួនផ្សេងទៀត ប្រគេនព្រះចៅអធិការវត្ត ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/06188129