សង្គម

គួរឱ្យសោកស្ដាយណាស់ ! សត្វផ្សោតឈ្មោលជំទង់ ១ក្បាលអាយុ៧ឆ្នាំត្រូវបាត់បង់ជីវិត ដោយសារឧបករណ៍ឆក់

ស្ទឹងត្រែង ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ បានឱ្យដឹងថា នៅថ្ងៃទី១៥ វិច្ឆិកា ២០២៣មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុ ប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់ ៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បើតាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការសោកស្ដាយ ដែលឧបករណ៍ឆក់ បានផ្ដាច់ជីវិតសត្វផ្សោតមួយក្បាល ដែលមានវ័យប្រមាណ៧ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូទាំងអស់ កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ ជនល្មើសមួយចំនួននៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុស ច្បាប់ គម្រាមកំហែងដល់អាយុជីវិតសត្វផ្សោតដ៏មានតម្លៃនេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល ។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់ ៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល។ ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល ៕