នាពេលថ្មីៗកន្លងមកនេះ មានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញរត់គេចពន្ធ នៅខាងមុខសាខាគយនិងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញដែលបានគេចវេះកាតព្វកិច្ចពន្ធនិងអាករ និងបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាសនិងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញរត់គេចពន្ធ ដែលបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះកំពុងដឹកទំនិញគេចពន្ធបំពានច្បាប់និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ) មានកិត្តិយសសូមជម្រាបជូនសាធារណជន បានជ្រាបថា ទំនិញដែលត្រូវបានចុះពិនិត្យអនុលោមភាព (តាមរយៈការអនុវត្តយន្តការកណ្តាលទី) រួចបានចាប់ឃាត់និងរក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តតាកែវ គឺជាទំនិញលួចនាំចូលតាមច្រករបៀងនានាតាមព្រំដែនជាប់ប្រទេសវៀតណាមយកមកប្រមូលផ្តុំដាក់ចូលក្នុងរថយន្តដឹកអ្នកដំណើរ (រថយន្តសាំយ៉ុង) និងរថយន្តដឹកទំនិញផ្សេងទៀត ដែលពុំមានបង្កាន់ដៃពន្ធនិងអាករនាំចូល និងឯកសារពាក់ព័ន្ធឡើយ។ បន្ថែមលើនេះ ទំនិញទាំងនោះមានមួយចំនួនជាទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មុននឹងអាចធ្វើការនាំចូល (តាមអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០) និងទំនិញមួយចំនួនទៀតត្រូវបានដុតបំផ្លាញចោល (សាច់និងគ្រឿងសមុទ្របង្កកខូចគុណភាព)។
ដោយឡែក ការគណនាប្រាក់ពន្ធនិងអាករនាំចូល ត្រូវអនុវត្តតាមតម្លៃទិញ-លក់ពិត និងអាត្រាពន្ធតាមយថាប្រភេទទំនិញ ដែលមានចែងក្នុងតារាងពន្ធគយកម្ពុជាជាធរមាន ហើយពុំមានមន្ត្រីគយនិងរដ្ឋាករណាម្នាក់មានសិទ្ធិសម្រេចលើការដំឡើង ឬការបន្ធូរបន្ថយប្រាក់ពន្ធនិងអាករ ដូចការលើកឡើងនិងការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ របស់អាជីវករនិងបណ្តាសារព័ត៌មានទាំងនោះឡើយ។
ឆ្លៀតឱកាសនេះ អ.គ.រ សូមជម្រាបជូនថាក្នុងរយៈពេលបីខែចុងក្រោយនេះ ក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រុមអនុលោមភាពនៃ អ.គ.រ បានចាប់ឃាត់រថយន្តដឹកទំនិញគេចពន្ធបានចំនួន ២២ករណី ស្មើនឹង២២រថយន្ត មានចំនួនប្រមាណ 359,126 គីឡូក្រាម (ដោយមិនរាប់បញ្ចូលការបង្ក្រាបរបស់អង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចផ្សេងទៀត) ក្នុងនោះមាន ១៨ករណី ស្មើនឹង ១៨រថយន្ត ត្រូវបានម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនិងពិន័យរួចរាល់។ ដោយឡែក ម្ចាស់រថយន្តដឹកទំនិញគេចពន្ធចំនួន ៤ករណី (៤រថយន្ត) ផ្សេងទៀតពុំទាន់ចូលខ្លួនមកដោះស្រាយ និងកំពុងបង្កបញ្ហាតាមរយៈការតវ៉ា និងលើកឡើងខុសការពិតតាមបណ្តាសារព័ត៌មាននានា។
ការលើកឡើងដោយបំភ្លៃការពិត ក៏ដូចជាការប្រមូលផ្តុំធ្វើការតវ៉ានានារបស់អាជីវករដឹកទំនិញរត់គេចពន្ធ គឺជាចេតនាបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ បង្កចលាចល និងរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្រ្តីរាជការគយ ដែលកំពុងអនុវត្តវិធានការមុតស្រួច ក្នុងយុទ្ធនាការបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី (ស្របតាមឧត្តមានុវត្តជាអន្តរជាតិ) ដើម្បីពង្រឹងការប្រមូលចំណូលជូនរដ្ឋ។
ទន្ទឹមនឹងនោះដែរ អ.គ.រ សូមអំពាវនាវដល់អាជីវករនាំចូលទំនិញ ត្រូវបំពេញកាតព្វកិច្ចពន្ធនិងអាករស្របតាមច្បាប់ស្តីពីគយ និងសូមបញ្ឈប់សកម្មភាពរត់គេចពន្ធគ្រប់រូបភាពជាបន្ទាន់។ ក្នុងករណីនៅតែប្រព្រឹត្តអំពើរត់គេចពន្ធ នឹងត្រូវជាប់ទោសទណ្ឌ ដោយអនុលោមតាមច្បាប់ស្តីពីគយ បុគ្គលប្រព្រឹត្តអំពើរត់គេចពន្ធអាចប្រឈមនឹងការចាប់បង្ខំឱ្យបង់ពន្ធអាករ និងពិន័យ ឬរងទោសទណ្ឌតាមផ្លូវតុលាការ ឬទោសណាមួយនៃទោសទាំង២ ស្របតាមមាត្រា៧៤ និងមាត្រា៧៥ ជាធរមាន។ លើសពីនេះ បើទំនិញល្មើសជាប្រភេទទំនិញជាប់អាយ័ត ឬជាប់កម្រិតកំណត់ បុគ្គលប្រព្រឹត្តល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ឬទោសណាមួយនៃទោសទាំង២ ថែមទៀតផង៕