សង្គម

មនុស្សបួននាក់ដែលបាញ់បោះសេរីនៅលើភ្នំគីរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈថា ជនបង្កដែលបាញ់បោះនៅភ្នំគិរីរម្យ​ចំនួនបួននាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ មានករណីប្រើប្រាស់អាវុធដោយខុសច្បាប់បាញ់បោះសេរីជាច្រើនគ្រាប់ នៅក្នុងកម្មវិធីខួបកំណើតមួយកន្លែងនៅចំណុចផ្ទះលំហែកាយ ស្ថិតក្នុងចំការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ករណីបាញ់បោះសេរីនេះ មានមនុស្សចំនួនបួននាក់បានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកម្នាក់ទៀតដែលជាមេខ្លោងឈ្មោះ កង តារាវិឆៃ កំពុងរត់គេចខ្លួន ខណៈមានដីកាតាមចាប់ខ្លួន។

មនុស្សទាំងបួននាក់ដែលបានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ត្រូវគេបញ្ជាក់ឱ្យដឹងថា ១.ឈ្មោះ ប៊ិន ភរម្យ ភេទ​ប្រុស អាយុ ៤០ឆ្នាំ, ២.ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ, ៣.ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ ៣៧ឆ្នាំ និង៤.ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣៣ឆ្នាំ។ មនុស្សទាំងបួននាក់បានសារភាពថា ក្រុមខ្លួនពិតជាបានបាញ់បោះដោយសេរីអស់ចំនួន ១៦គ្រាប់​ប្រាកដ​មែនតាមការអូសទាញពីម្ចាស់ផ្ទះលំហែ ដែលធ្វើខួបកំណើតឈ្មោះ កង តារាវិឆៃ។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចជំនាញប្រមូលបានសំបកគ្រាប់ចាស់ៗ ជាច្រើនគ្រាប់ នៅជុំវិញកន្លែងកើតហេតុផងដែរ។ ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបួននាក់ រួមនិងវត្ថុតាង ទៅតុលាការ និងកំពុងបន្តស្វែងរកម្ចាស់ចម្ការ (អ្នកធ្វើកម្មវិធីខួបកំណើត) ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ដើម្បីបន្តនីតិវិធី៕