សង្គម

បែកធ្លាយរឿង! ចោទប្រកាន់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត និងព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ កំពុងគៀងគរក្រុមអ្នកបើកល្បែងជល់មាន់តាមអនឡាញ ឱ្យបង់ប្រាក់ប្រចាំខែក្នុង១កន្លែង ២០០ដុល្លារ ទៅ ៤០០ដុល្លារអាមេរិក

ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហេីបប្រាប់ថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ គឺលោក កៅ សុខកុល មេបញ្ជាការរងអាវុធហត្ថខេត្ត និងលោក ងិន ពេជ ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ កំពុងសហការគ្នាចុះគៀងគរឱ្យក្រុមអ្នកបើកល្បែងជល់មាន់តាមអនឡាញខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបង់ប្រាក់ប្រចាំខែក្នុង១កន្លែង ២០០ដុល្លារ ទៅ ៤០០ដុល្លារអាមេរិក ក្នុងការមិនបង្រ្កាបទីតាំងរបស់ក្រុមអ្នកបើកល្បែងស៉ីសងទាំងនោះ។ ប៉ុន្តែប្រសិនបើទីតាំងបនល្បែងស៊ីសងណា មិនព្រមបង់ប្រាក់ជូននោះទេ គឺកម្លាំងអាវុធហត្ថ សហការជាមួយព្រះរាជអាជ្ញាខេត្ត ចុះប្រតិបត្តិការបង្ក្រាបតែម្តង។

សេចក្ដីរាយការណ៍ដដែលបន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ មានករណីបង្រ្កាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលគេសង្ស័យថាមិនព្រមបង់លុយទៅឱ្យមន្ត្រីអនុវត្តច្បាប់ទាំងនោះ ទេីបមានការបង្រ្កាបបែបនេះ? ក្នុងការបង្រ្កាបទីតាំងនេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តែម្តង។

ប្រភពដដែលបន្តថា លោក កៅ សុខកុល ដែលពួកគាត់ស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថខេត្ត ចុះគៀងគរនិងប្រាប់ទៅក្រុមអ្នកបើកល្បែងជល់មាន់តាមអនឡាញខុសច្បាប់ទាំងអស់ថា “បេីចង់បេីកទីតាំងជល់មាន់ក្នុងមូលដ្ឋានរបស់ខ្លួនកន្លែងណាក៏បានដែរ ឱ្យបង់ប្រាក់ប្រចាំខែក្នុង១កន្លែង ២០០ដុល្លារ ទៅ ៤០០ដុល្លារអាមេរិក ដេីម្បីយកទៅឱ្យលោក ងិន ពេជ ដែលជាព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ នោះគឺមិនមាមការបង្រ្កាបទីតាំងរបស់ក្រុមអ្នកបើកល្បែងស៉ីសងទាំងនោះ។ ប៉ុន្តែប្រសិនបើទីតាំងបនល្បែងស៊ីសងណា មិនព្រមបង់ប្រាក់ជូននោះទេ គឺចុះបង្ក្រាបហេីយ។

ដោយឡែកជុំវិញករណីនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប៉ុន្តែត្រូវបានមន្រ្តីរបស់លោក បានលេីកជំនួសដោយបញ្ជាក់ថា៖” ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌ គឺត្រូវតែបម្រើរាស្ត្រ ហេីយប្រសិនបើមានព័ត៌មានច្បាស់លាស់យេីងត្រូវតែចុះបង្រ្កាប និងសុំបដិសេធចំពោះការយកប្រាក់ពីកន្លែងបនល្បែងស៊ីសងជល់មាន់ខុសច្បាប់”។

ចំណែកលោក កៅ សុខកុល ដែលពលរដ្ឋអះអាងថា ជាមេបញ្ជាការរងអាវុធហត្ថខេត្តត្បូងឃ្មុំ និងរងការចោទប្រកាន់ថាចុះគៀងគរនិងប្រាប់ទៅក្រុមអ្នកបើកល្បែងជល់មាន់តាមអនឡាញខុសច្បាប់ទាំងនោះ អង្គភាពយេីងបានទំនាក់ទំនងទៅតាមរយៈលេខទូរស័ព្ទរបស់លោក ដេីម្បីសុំការបំភ្លឺ ប៉ុន្តែគ្មានអ្នកលើក។…

ជាមួយគ្នានេះ លោក ងិន ពេជ ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ ដែលទើបនិងមកកាន់តំណែងថ្មីនៅខេត្តនេះ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារទី១៤ ខែវិច្ឆិកានេះថា៖” ព័ត៌មានដែលចោទប្រកាន់លោកថា បានសហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះគៀងគរឱ្យក្រុមអ្នកបេីកល្បែងទាំងនោះ គឺមិនពិតទេ” លោកបន្តថា ទី១,ជារឿងមិនពិត,ទី២ ពាក់ព័ន្ធករណីបង្រ្កាបបទល្មើស គឺជាតួនាទីរបស់អយ្យការអម ហេីយរឿងការបង្រ្កាបបទល្មើសនេះ គឺមានអ្នកមិនសប្បាយចិត្ត និងអ្នកសប្បាយចិត្ត៕ (ប្រភពពី NOKOR GRAGON)

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299