សង្គម

ករណីឃាត់ខ្លួនផ្កាយ២ វ៉ាន់ កុសល តុលាការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និង​ជំរិតយកប្រាក់

ក្រោយការឃាត់ខ្លួនឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធាន​មន្ទីរប្រឆាំងគ្រឿងញៀន និង​បក្ខពួក ពេលនេះ តំណាង​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និង​ធ្វើការ​ស៊ើបសួរ ពាក់ព័ន្ធនឹងបទ បង្ខាំង​ដោយ​ខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី ១២​ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា​ ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេត តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើក ការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៤៨២៩ អ.យ. ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរ ដាក់ឲ្យស្ថិតនៅក្រោម ការពិនិត្យលើ៖ ១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន) ២-ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន) ៣-ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន) ៤-ឈ្មោះ នេត សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ (ឃាត់ខ្លួន) ៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ ៤៦ឆ្នាំ (ឃាត់ខ្លួន) ៦-ឈ្មោះ កែវ ខេន ភេទប្រុស អាយុ ៣៤ឆ្នាំ (គេចខ្លួន) ៧-ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន) ៨-បក្ខពួក ពីបទចាប់ និងបង្ខាំង ដោយខុសច្បាប់​មានស្ថានទម្ងន់ទោស (ជំរិតយក ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមាន បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣​ នៃក្រមព្រហ្មទណ្ឌ៕