សង្គម

ខួប៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជា ស្ថានទូតបារាំងតាំងពិពណ៌រូបថត «កម្ពុជាមើលពីលំហអាកាស» ក្នុងអំឡុង៧០ឆ្នាំចុងក្រោយ

រូបថតពីលើអាកាសចំនួន៣០ផ្ទាំង ថតពីឆ្នាំ១៩៥០ មកដល់បច្ចុប្បន្ន ដែលបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជា ក្នុងអំឡុងជាច្រើនទសវត្សរ៍ ដែលបញ្ជាក់ពីការវិវឌ្ឍរបស់ប្រទេស នឹងត្រូវស្ថានទូតបារាំងតាំងបង្ហាញ ក្នុងពិពណ៌ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD)របស់បារាំង ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ នៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជា។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង បានឱ្យដឹងថា ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើតភាពជាដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យ និងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមាន៖ ការបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហប្រតិបត្តិការទាំងនេះ ផ្តោតលើកសិកម្មប្រកបដោយនិរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហាបរិស្ថាន។ ការសង្កេតផែនដី ដោយផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍ចាប់យករូបភាពបំពាក់លើយន្តហោះ ផ្កាយរណប ឬយានគ្មានមនុស្សបើក(ដ្រូន) អនុញ្ញាតឱ្យគេពណ៌នា និងឃ្លាំមើលធនធានធម្មជាតិ ព្រមទាំងការរៀបចំ និងការប្រែប្រួលធនធានទាំងនោះ។

ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់រូបភាពដំបូងៗថតពីផ្កាយរណប ដែលសង្កេតមើលផែនដីក្នុងអំឡុងឆ្នាំ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍន៍យ៉ាងខ្លាំង ដោយផ្តល់រូបភាពជាច្រើនក្នុងកម្រិតច្បាស់ល្អ។ ទន្ទឹមនឹងនោះ ដើម្បីពង្រឹងសមត្ថភាពកម្ពុជា ក្នុងការវិភាគរូបភាពពីអាកាស និងលទ្ធភាពទទួលបានទិន្នន័យផ្សេងៗ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នាបង្កើតមន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory- KHEOBS) កាលពីឆ្នាំ២០២២។ ដោយទទួលបានការជួយជ្រោមជ្រែងពីស្ថាប័នបារាំង មន្ទីរពិសោធន៍ KHEOBS បានប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ។ បន្ថែមលើនេះ ដើម្បីប្រែក្លាយរូបថតទាំងនោះជាឯកសារ ឌីជីថល សម្រាប់ការចូលមើល និងស្រាវជ្រាវដោយឥតគិតថ្លៃ ស្ថានទូតបារាំងកំពុងគាំទ្រដល់គម្រោងបណ្ណសារ រូបថតពីលើអាកាស (KAPA) អនុវត្តដោយវិទ្យាស្ថាន IRD និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងក្របខ័ណ្ឌមន្ទីរពិសោធន៍ KHEOBS ដោយរួមសហការជាមួយវិទ្យាស្ថាន IGNFI ហើយ រូបថតឯកសារទាំងនោះ នឹងប្រគល់ជូនកម្ពុជា នៅពេលបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រជាទម្រង់ឌីជីថលរួចរាល់។

ក្នុងអំឡុងឆ្នាំ១៩៥០ បារាំងជាប្រទេសដំបូងគេដែលបានថតដែនដីកម្ពុជាពីលើយន្តហោះ ដើម្បីរៀបចំបង្កើតផែនទី ផ្សេងៗ ដោយសហការជាមួយវិទ្យាស្ថានព័ត៌មានភូមិសាស្ត្រ និងព្រៃឈើបារាំង (IGNFI)។ នៅកម្ពុជា ក្នុងចន្លោះ ឆ្នាំ១៩៥២ និង១៩៥៤ វិទ្យាស្ថានIGNFI បានផ្ដិតយករូបភាពប្រមាណ១១០០០សន្លឹក ដែលគ្របដណ្ដប់មួយផ្នែកធំនៃទឹកដីកម្ពុជា។ បច្ចុប្បន្នបណ្ដុំរូបថតទាំងនេះ គឺជាបណ្ណសារដ៏វិសេសវិសាលដែលនាំយើងត្រឡប់ទៅកាន់ ទេសភាពទីក្រុង និងជនបទកាលពី៧០ឆ្នាំមុន។ រូបថតឯកសារទាំងនេះ គឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។

គួរជម្រាបថា ចាប់ពីឆ្នាំ១៩៨០មក រូបភាពតាមប្រព័ន្ធផ្កាយរណបដែលតាមដានផែនដីពីចម្ងាយ ត្រូវបានអភិវឌ្ឍជាពិសេស ដោយមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការសិក្សាលំហអាកាស (CNES)។ វិទ្យាស្ថាន IRD បានដើរតួនាទីសំខាន់ ក្នុងការបង្កើតវិធីសាស្ដ្រវិភាគរូបភាព ដើម្បីស្វែងយល់ពីការប្រែប្រួលសណ្ឋានដី តាមរយៈការវាស់វែង និងវិភាគការវិវឌ្ឍក្រុង កសិកម្ម និងព្រៃឈើ។ សមត្ថភាពវិភាគទិន្នន័យធំៗអនុញ្ញាតឱ្យគេប្រើប្រាស់រូបភាពទាំងនេះ ដើម្បីឃ្លាំ មើលបម្រែបម្រួលបរិស្ថាន និងជលសាស្ត្រ និងបង្កើតប្រព័ន្ធផ្តល់ដំណឹង។ ក្រៅពីរូបភាពខាងលើ ក៏មានរូបភាពថតដោយដ្រូន ដែលមានលក្ខណៈច្បាស់ល្អ បច្ចេកទេសថ្មីៗក្នុងការវិភាគ រូបភាពកំពុងត្រូវបានអភិវឌ្ឍដើម្បីសិក្សាពីការប្រែប្រួលសណ្ឋានដី បច្ចេកទេសទាំងនេះត្រូវបានប្រើប្រាស់យ៉ាងច្រើននៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការសង្កេតបរិស្ថាន ដោយសហការជាមួយស្ថាប័នស្រាវជ្រាវនានា៕