ខេត្តសៀមរាប ៖ ស្ត្រីថៅកែទិញលៀស នៅឃុំកំពង់ឃ្លាំង បានជេរប្រមា.ថ និងប៉ងប៉នប្រើអំពើហិ.ង្សាមកលើអ្នកសារព័ត៌មាន១ក្រុម បន្ទាប់ពីពួកគេបានទៅថតផ្តិតយករូបភាពសកម្មភាពដឹកជញ្ជូនលៀស និងដឹកត្រីនុយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីថៅកែលៀសរូបនេះមានឈ្មោះ ចាន់ណា ហៅ សុខ ជាមេឈ្មួញដើរប្រមូលទិញលៀសផ្តាច់មុខពីប្រជានេសាទនៅឃុំកំពង់ឃ្លាំង ជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែគេមានការសង្ស័យថា ការប្រមូលទិញនេះ មានភាពមិនប្រក្រតី ហើយការនេសាទនោះទៀតសោត ក៏អាចខុសនឹងច្បាប់កំណត់របស់រដ្ឋបាលជលផលផងដែរ ព្រោះការរកលៀសដោយប្រើទូកម៉ាស៊ីនខ្នាតធំៗ គឺខុសច្បាប់ អាចធ្វើឱ្យបាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលសមត្ថកិច្ចជំនាញត្រូវតែគិតគូរពីបញ្ហានេះ ។
លោក ឡុង វិបុល ចាងហ្វាងគេហទំព័រស្ម័គ្រជាតិ ដែលជាកាសែតអនឡាញ បានប្រាប់ភ្នាក់ងារកោះសន្តិភាព កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា «ពាក់ព័ន្ធនឹងករណីនេះ លោកបានប្តឹងស្ត្រីថៅកែដើរទិញលៀសខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរួចហើយ ពីបទជេរប្រមា.ថជាសាធារណៈ និងប៉ងមនុស្សឃា.តដោយទាមទារជំងឺចិត្តក្នុងម្នាក់ចំនួន២០លានរៀល»។
លោកបន្តថា «ក្រុមលោកបានទៅធ្វើការនៅតំបន់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម គឺដើម្បីទៅថតបទល្មើសនេសាទ និងការដឹកជញ្ជូនលៀស ព្រមទាំងត្រីនុយដោយខុសច្បាប់» ។ លោកបានបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់ថៅកែទិញលៀសខាងលើដែលថា «ក្រុមលោកបានទារលុយពីក្រុមអ្នកលក់លៀស គឺពុំមានករណីនោះកើតឡើងដូចការចោទប្រកាន់ឡើយ» ។
ចំណែកស្ត្រីឈ្មោះ ចាន់ណា ហៅ សុខ នៅមិនទាន់អាចទាក់ទងសុំការពន្យល់ និងបំភ្លឺបានទេនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានោះ ដោយសារគ្មានលេខទូរស័ព្ទ ។
ជុំវិញករណីខាងលើនេះដែរ លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង បានថ្លែងប្រាប់ឱ្យដឹងថា «លោកបានទទួលព័ត៌មាននោះហើយ ។ ចំពោះការដឹកជញ្ជូនលៀស គឺច្បាប់បានហាមប្រាមតែដឹកទៅក្រៅប្រទេសទេ រីឯដឹកចែកចាយក្នុងស្រុក គឺមិនខុសច្បាប់ឡើយ ។ ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់ពីការនេសាទលៀសរបស់ប្រជានេសាទសព្វថ្ងៃនេះខុសច្បាប់អ្វីខ្លះនោះទេ ?
ទោះបីជាយ៉ាងណា គេសង្ឃឹមថា សមត្ថកិច្ចជំនាញនឹងជួយរកយុត្តិធម៌ជូនពួកគាត់ដែលរងការប្រមា.ថពីសំណាក់ឈ្មួញទិញលៀសខាងលើជាក់ជាពុំខាន ៕