សង្គម

ប្រជាពលរដ្ឋប្រគល់ចម្លាក់តោថ្មក្រោយសម័យអង្គរចំនួន៦ ជូនអាជ្ញាធរយកទៅអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺនិងសហការី កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ បានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន០៦រូប ដែលស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

ចំពោះបដិមាតោថ្មទាំង០៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២គឺ៖​​

ទី១.សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគម្រូនៃសិល្បៈសម័យមុនអង្គរ​។ និង

ទី២.បដិមាតោថ្មទាំង០៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថ បាយ័ន? ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម…។

គួរបញ្ជាក់ផងដែរថាបដិមាតោថ្មទាំង០៦នេះ ត្រូវបានលោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារតែលោកនិងក្រុមគ្រួសារ មានបំណងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិទើបនៅថ្ងៃសុក្រនេះ ក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់អាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕