សង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្សជាង២រយនាក់ ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបក្លឹបកម្សាន្តពីរកន្លែង ករណីប្រើប្រាស់សារធាតុញៀនដាក់បញ្ចូលក្នុងប៉េងប៉ោង

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្ត២ទីតាំង ដែលបានប្រើប្រាស់សារធាតុញៀនបញ្ចូលទៅក្នុងប៉េងប៉ោង (Happy balloon) ដែលក្នុងប៉េងប៉ោងនោះបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide ដោយឃាត់ខ្លួនមនុស្សបានចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំផ្សេងទៀត។

ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងខាងលើនេះ មានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញលើការចុះអនុវត្តផ្ទាល់។

ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សបានចំនួន១០៥នាក់ (ស្រី៤១នាក់) ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ៣នាក់ និងភ្ញៀវ១០៤នាក់ មានជនបរទេស២៣នាក់ (ស្រី៥នាក់) (ចិនតៃវ៉ាន់៩នាក់ ស្រីម្នាក់), កូរ៉េ៩នាក់, ស្ត្រីវៀតណាម២នាក់, ស្ត្រីហ្វីលីពីនម្នាក់, ស្ត្រីអាម៉េរិកម្នាក់, អង់គ្លេស ១នាក់។ វត្ថុតាងចាប់យកបានរួមមាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។

ចំណែកទីតាំងទី២៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សបានចំនួន១៤២នាក់ (ស្រី៤៧នាក់) ក្នុងនោះមាន មេការ បុគ្គលិក៣២នាក់ និងភ្ញៀវ១០៩នាក់។ ជនបរទេសចំនួន៩នាក់(វៀតណាម៧នាក់(ស្រី២), កូរ៉េម្នាក់, អាហ្វ្រិកម្នាក់ និងបានចាប់យកវត្ថុតាងបំពង់ឧស្ម័ន១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។

បច្ចុប្បន្នមនុស្សចំនួន២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀនថា ប៉េងប៉ោងសប្បាយ (Happy balloon) មានផ្ទុកឧស្ម័នសប្បាយ Nitrous Oxide ដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។ លោកនាយឧត្តមសេនីយ៍បន្តថា ក្នុងពេលឆាប់ៗ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោសពី២ឆ្នាំដល់៥ឆ្នាំ។ ចំណែកឯនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់ ឯនៅប្រទេសអង់គ្លេស ត្រូវបានហាមឃាត់ជាដាច់ខាតតែម្ដង៕