សង្គម

អាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យដែលយកដំបងវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ

ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កំពុងស្រាវជ្រាវរកជនសង្ស័យដែលបានប្រព្រឹត្តអំពើព្រៃផ្សៃយកដំបងមកវាយសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង បណ្តាលឱ្យងាប់ភ្លាមៗ តាមរយៈវីដេអូឃ្លីបដែលត្រូវគេផ្សព្វផ្សាយនៅតាមបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

តាមផេកហ្វេសប៊ុករបស់រដ្ឋបាលស្រុកគិរីសាគរ លោកអភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ចេង មុនីរិទ្ធ បានចាត់តាំងឱ្យអភិបាលរងស្រុក លោក ទួន ឪទី និងដឹកនាំកម្លាំង និងសហការជាមួយឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានប្រព្រឹត្តអំពើឃោរឃៅ។

អំពើដ៏ព្រៃផ្សៃនេះ ត្រូវបានមហាជនសម្តែងការសោកស្តាយ និងខឹងសម្បាយ៉ាងខ្លាំង និងសំណូមពរឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបុរសដែលជាជនសង្ស័យ៕