សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលខាងមុខនេះ ប្រជាពលរដ្ឋអាច ស្នើសុំធ្វើលិខិតស្នាមផ្សេងៗ តាមទូរស័ព្ទដៃបាន រួចហើយចាំទៅយកផ្ទាល់ ខណៈប្រព័ន្ធបច្ចេកវិទ្យា នៃការធ្វើបែបនេះ នឹងដាក់សាកល្បងនៅខេត្តតាកែវ មុនគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥឡូវនេះការបម្រើរបស់មន្ត្រី បានចុះទៅដល់ផ្ទះក៏មាន ដោយកន្លែងខ្លះ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ ត្រូវបានមន្ត្រីចុះយកទៅដល់រោងការ ក៏មានដែរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំពុងគិតគូរ រៀបចំប្រព័ន្ធបច្ចេកវិទ្យា នៅតាមស្រុក ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើកុំព្យូទ័រ ដោយត្រូវបំពេញបែបបទ ផ្នែករដ្ឋបាល ដែលអាចទាក់ទងស្ថាប័នថ្នាក់ជាតិ ដោយមិនចាំបាច់ទៅផ្ទាល់ក៏បាន។
ទាក់ទិននឹងករណីបង្កើតប្រព័ន្ធបច្ចេកវិទ្យា នៅតាមស្រុក ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល ដាក់ដំណើរការសាកល្បងនៅខេត្តតាកែវ មុនគេ។
«យើងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានេះ ដើម្បីឲ្យប្រជាពលរដ្ឋមកចុះឈ្មោះ ឬបំពេញបែបបទ ស្នើសុំសេវាអ្វីមួយចំនួន អាចដាក់តាមហ្នឹង បានដោយមិនចាំបាច់មកផ្ទាល់ រួចហើយចាំជិះមកទទួល ឬផ្ញើនៅកន្លែងហ្នឹង។ ឥឡូវយើងមានបច្ចេកវិទ្យា មានរួចហើយ ធ្វើបែបនេះ កាត់បន្ថយពេលវេលារបស់បងប្អូន ទោះបីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានផ្លូវល្បឿនលឿន ក៏ដោយ គាត់គ្រាន់តែចុចទូរស័ព្ទមួយ ឬពីចម្ការរបស់គាត់ ក៏អាចទទួលបានដែរ!»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវទាមទារ នូវការបង្កើនសមត្ថភាព និងរបៀបរបបការងារ និងការពង្រឹងមន្ត្រី ដើម្បីធានាសេវាការងារនេះ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា អាណត្តិទី៧នេះ ជាការពង្រឹងសមត្ថភាព គឺពង្រឹងមូលដ្ឋានតែម្តង ហើយថ្នាក់ជាតិ ក៏គ្រោងនឹងធ្វើដែរ។ ចំពោះថវិកាដែលគ្រោងចំណាយជាងប៉ុន្មានរយលានដុល្លារនោះ គឺសម្រាប់ធ្វើការកំណែទម្រង់ នៅតាមមូលដ្ឋានតែម្តង វិស័យអប់រំពង្រឹងពីថ្នាក់បឋមទៅថ្នាក់ទី១២ វិស័យសុខាភិបាល ពង្រឹងមណ្ឌលសុខភាព ពង្រឹងពេទ្យបង្អែកស្រុក និងខេត្ត។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣៕