ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយនូវសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា ។
ដោយឡែក នៅថ្ងៃទី៣០ ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ មានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាននឹងប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ បណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទៈ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្តប់លើផ្ទៃដីពី ៤០ ទៅ៥០ភាគរយ។
ដោយឡែកបណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ ទៅ ៤០ភាគរយ។
ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០ ទៅ៤០ភាគរយ។ ចំណែកឯតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទៈ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដីពី៤០ ទៅ៦០ភាគរយ៕