អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី ជួលពីរដ្ឋបាលជលផល នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមទម្លាក់ឧបករណ៍ចុះ ដើម្បីចាប់ត្រីហើយ។ អាជ្ញាធរទន្លេសាប រំពឹងថា ផលចាប់ត្រី ចេញពីបឹងទន្លេសាប ឆ្នាំនេះ អាចកើនខ្ពស់ជាងឆ្នាំមុននិងសម្បូរដោយត្រីក្រឡង និងបង្កងផងដែរ។
លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទដោយជួលគន្លងដាយត្រី ពីរដ្ឋបាលជលផលបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពេលនេះ អ្នកនេសាទ ភាគច្រើនបានរៀបចំដាយ រួចរាល់ហើយ និងចាប់ផ្តើមធ្វើនេសាទ នៅពេលថ្ងៃ និងចាប់ត្រី បានមានចំនួនមិនច្រើនទេ ដោយសារទឹកហូរចេញពីបឹងទន្លេសាប មានល្បឿនខ្សោយនៅឡើយ។ ត្រីដែលចាប់បានភាគច្រើន ជាត្រីច្រកែង មានសភាពធំៗល្អ។
តាមការផ្សាយរបស់ អាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម ដោយយោងទៅតាមការសង្កេតរបស់មន្ត្រី បានបង្ហាញឱ្យឃើញថា ឆ្នាំនេះ បរិមាណត្រី ចាប់នៅតាមគន្លងដាយ នឹងអាចទទួលបានទិន្នផលច្រើនជាងឆ្នាំកន្លងទៅ ជាពិសេសត្រីក្រឡង់ និងបង្កងមានបរិមាណច្រើនជាងឆ្នាំមុន ។
ការរំពឹងគិតបែបនេះ ដោយយោងទៅ តាមទិន្នន័យ ដែលក្រុមមន្ត្រីស្រាវជ្រាវធនធានធម្មជាតិ ដែលបានចុះធ្វើការតាមដាន ស្រាវជ្រាវនៅបឹងទន្លេសាប ចាប់តាំងពីរដូវទឹកឡើង ក្នុងឆ្នាំនេះរួចមក៕